ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋបង់សំណាញ់នៅក្នុងស្ទឹង មិនជាប់ត្រី បែរជាជាប់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ ប្រភេទMk82 របស់សហរដ្ឋអាមេរិក ដែលសល់ពីសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ បង្កឲ្យមានការភ្ញាក់ផ្អើល និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចភ្លាមៗ កាលពីរសៀលថ្ងៃទី១៦ ខែសីហា នៅមាត់ស្ទឹងសែន ភូមិប្រម៉ាត់ដី ឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ។
ក្រុមមន្ត្រីស៊ីម៉ាក់បានបញ្ជាក់ថាគ្រាប់ Mk82 នេះ ជាផលិតផលរបស់សហរដ្ឋអាមេរិក ដែលត្រូវបានយន្តហោះទម្លាក់ កាលនៅក្នុងអំឡុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ ហើយគ្រាប់នេះមានប្រវែង១៥០០មីលីម៉ែត្រ ទម្ងន់២២៧គីឡូក្រាម ។ ក្នុងករណីគ្រាប់នេះផ្ទុះ វាអាចមានវិសាលភាពសម្លាប់ជីវិតដែលនៅជុំវិញប្រវែងប្រហែល២០០ម៉ែត្រ សម្រាប់ចំងាយសុវត្ថិភាពរបស់វា គឺចន្លោះពី៨០០ម៉ែត្រ ទៅ១៥០០ម៉ែត្រ។


បេលនោះដែរ ក្រុមស៊ីម៉ាក់នឹងបន្តធ្វើការរុករកគ្រាប់ប្រភេទនេះបន្តទៀតនៅក្នុងភូមិសាស្ត្រនេះផងដែរ ព្រោះតាមការសន្និដ្ឋានគឺក្នុងភូមិសាស្ត្រនេះអាចនឹងមានគ្រាប់ប្រភេទនេះបន្សល់ទុកនៅក្នុងដីបន្ថែមទៀត។ មូលហេតុដែលគ្រាប់នេះមិនផ្ទុះនៅក្នុងការសម័យការដែលទម្លាក់គ្រាប់នោះគឺប្រហែលមកពីអ្នកបើកបរបានចុចបញ្ជាមិនឲ្យផ្ទុះ ឬ មកពីកម្លាំងធ្លាក់មិនទាន់ដល់កម្រិតអាចឲ្យគ្រាប់ផ្ទុះបាន។


រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកស្នងការខេត្ត ព្រមទាំងលោកអភិបាលក្រុងស្ទឹងសែន បានចុះទៅពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ ប្រភេទ Mk82 របស់សហរដ្ឋអាមេរិកនោះ ដោយលោក សុខ លូ បានបញ្ជាក់ថា គ្រាប់ Mk82 មួយគ្រាប់នេះ ជាស្នាដៃរបស់សហរដ្ឋអាមេរិកដែលបានទម្លាក់កាលពីសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ ។

នៅក្នុងសម័យកាលនោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងភាពលំបាកវេទនាយ៉ាងខ្លាំង ដោយត្រូវរងនូវការធ្វើសឹកសង្គ្រាម ការទម្លាក់គ្រាប់បែក ការបាញ់ផ្លោង ការបាញ់រះ ការបាញ់ផ្តក់រវាងភាគីជម្លោះកម្ពុជាបានធ្វើអោយប្រជាជននាំគ្នាភៀសខ្លួនស្វែងរកទីសុវត្ថិភាពសង្គ្រាមបានបន្សល់ទុកនូវស្ត្រីមេម៉ាយក្មេងកំព្រា អ្នកមានជំងឺ អ្នករបួស ជនពិការ.រាប់សែននាក់។


ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ច ឬអង្គការស៊ីម៉ាក់ ធ្វើការបន្តរុករកគ្រាប់ដែលនៅសេសសល់នៅក្នុងភូមិសាស្ត្ររបស់ពួកគាត់រស់នៅ ដើម្បីសុខសុវត្ថិភាពរបស់ពួកគាត់ប្រកបមុខរបរប្រចាំថ្ងៃផងដែរ ៕