ភ្នំពេញ៖ អតីតមន្រ្តីប៉ូលិសប៉ុស្តិ៍បឹងទំពុនម្នាក់ពាក់ពន្ធ័ករណីលួចម៉ូតូ ខណៈកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បញ្ជូនទៅឃុំខ្លួននៅពន្ធធនាគារព្រៃស បានរត់គេចខ្លួន កាលពីព្រឹកថ្ងៃ១៩ ខែសីហា ឆ្នាំ២០១៩ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ផ្លូវព្រះមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ជនល្មើសខាងលើមានឈ្មោះអ៊ឹម រតនៈ ហៅកណ្តុរជ្រែកដី ភេទប្រុស អាយុ៣២ឆ្នាំ អតីតជាមន្ត្រីនគរបាលប៉ុស្តិ៍បឹងទំពុន មុខរបរបច្ចប្បន្នមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។


យោងតាមបណ្តឹងជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យឈ្មោះ អ៊ឹម រតនៈ ពាក់ពន្ធ័ករណីលួចម៉ូតូរបស់ជនរងគ្រោះ យកទៅលក់នៅខេត្តតាកែវ កាលពីយប់ថ្ងៃទ៏១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះពិតប្រាកដមែន ។


បន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យរួចរាល់ហើយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ បានបញ្ជូនសំណុំរឿងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌ និងកសាងសំណុំបញ្ជូនទៅតុលាការ ។
លុះពេលបញ្ជូនទៅតុលាការ ក្រោយព្រះរាជអាជ្ញារង និងចៅក្រមសាកសួររួច ក៏បានចេញដីកាឲ្យយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ។ លុះពេលសមត្ថកិច្ចនាំមកដល់មុខអគារតុលាការស្រាប់តែជនល្មើសរត់គេចខ្លួនបាត់ ដោយសុវត្ថិភាពទាំងដៃជាប់ខ្នោះ៕