ខេត្តព្រះសីហនុ៖ ស្រ្តីម្នាក់សោកសង្រេងអស់រយៈពេលជាងកន្លះខែមកហើយ ដោយសារតែបាត់កូនស្រី អាយុ៣ឆ្នាំ ជាទីស្រលាញ់ពេញដើមទ្រូង ហើយគាត់សង្ស័យថាកូនស្រីគាត់ត្រូវម្ចាស់ផ្ទះជាមិត្តភក្តិដែលគាត់ទៅស្នាក់លេងមួយយប់នោះលួចពីអង្រឹង យកទៅលក់បាត់ តែសមត្ថកិច្ចដាក់ការសង្ស័យក្រៅផ្លូវការ ក្មេងស្រីរងគ្រោះអាចធ្លាក់ក្នុងទឹកស្រះចិញ្ចឹមត្រីឆ្តោហើយត្រូវត្រីឆ្តោស៊ីខ្ទេចទៅហើយ ។
ស្រ្តីជាម្ដាយក្មេងស្រីរងគ្រោះ ឈ្មោះ សិញ ថុល អាយុ៤០ឆ្នាំ មានទីលំនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់មានប្តីក្រោយឈ្មោះ ឌឿ ដេ អាយុ២៧ ឆ្នាំ មុខរបរនេសាទ។ សព្វថ្ងៃគាត់មានកូន២នាក់រស់នៅក្នុងបន្ទុក ដោយកូនទី១ជាកូនស្រីរបស់ប្តីដើម មានអាយុ៧ឆ្នាំ និងកូនទី២ឈ្មោះ ដេ គឹមឡាង អាយុ៣ឆ្នាំ ដែលបាត់ខ្លួន ជាកូនស្រីប្តីក្រោយ ។ កាលពីថ្ងៃទី៤ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ រូបគាត់បានទិញបង្កង២គីឡូក្រាម យកទៅហូបចុកនៅផ្ទះមិត្តភក្តិដែលគាត់តែងហៅថា«ម៉ែអាជេ» មានទីលំនៅមណ្ឌលអូរតាសេក ផ្ទះ៨០០ខ្នង ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។


ក្រោយពេលហូបចុករួច នៅវេលាម៉ោង១០យប់ថ្ងៃនោះ គាត់បានត្រូវបានម្ចាស់ផ្ទះឃាត់ដេកនៅផ្ទះរបស់គេមួយយប់ គាត់ក៏យល់ព្រម ហើយចងអង្រឹងកណ្តាលផ្ទះឲ្យកូនស្រីឈ្មោះ ដេ គឹមឡាង អាយុ៣ឆ្នាំ ដេកលក់ទាំងអស់គ្នាជាមួយម្ចាស់ផ្ទះជាប្តីប្រពន្ធដោយមានចាក់សោរបងនិងគន្លិះទ្វារផ្ទះត្រឹមត្រូវ។ លុះភ្លឺឡើងក្រឡេកមើលក្នុងអង្រឹងស្រាប់តែបាត់កូនស្រីមិនដឹងទៅណា ឯទ្វារផ្ទះ និងរបងចំហរធ្លុងក៏នាំគ្នាឆោឡោ ស្វែងរកកូនគ្រប់ទីកន្លែងតែរកមិនឃើញធ្វើឲ្យគាត់តក់ស្លុតនិងយំលែងចេញ ។
ស្រី្តរូបនេះបានរៀបរាប់បន្តថា ក្រោយពីបាត់កូនស្រីតូចមិនដឹងទៅណា រូបគាត់និងប្ដី បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់រលក និងនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហា វឲ្យជួយស្រាវជ្រាវរកកូន ពេលនោះសមត្ថកិច្ចបានមកធ្វើកំណត់ហេតុសួរនាំបានបន្តិច ក៏ត្រឡប់ទៅវិញ ។ ចាប់ពីពេលនោះរហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កូនស្រីរបស់គាត់បាត់ដំណឹងឈឹងធ្វើឲ្យគាត់អស់សង្ឃឹមខ្លាំងណាស់ ហើយពេលសួរសមត្ថកិច្ចម្តងៗ ហាក់ព្រងើយកន្តើយមិនរវីរវល់ជួយស្រាវជ្រាវ បែរជានិយាយបន្ទោសគាត់ថែមទៀតថា មកពីគាត់ធ្វេសប្រហែស…ខ្លួនគាត់ជាម្តាយមិនដឹងផង តើឲ្យសមត្ថកិច្ចទៅស្រាវជ្រាវរកឯណាឃើញ ? ។ គាត់បន្តទៀតថា អ្វីដែលគាត់មិនអស់ចិត្តនោះ គឺសមត្ថកិច្ចមិនបានហៅម្ចាស់ផ្ទះទៅសាកសួរ នាំដើម្បីស្រាវជ្រាវនោះទេ ព្រោះគាត់សង្ស័យរឿងនេះពាក់ព័ន្ធនឹងម្ចាស់ផ្ទះជាមិត្តភក្តិដែលគាត់ទៅស្នាក់លេងមួយយប់នោះលួចកូនគាត់យកទៅលក់ ព្រោះមុនពេលចូលដេកទាំងអស់គ្នាគាត់ឃើញម្ចាស់ផ្ទះបិទទ្វាររបង និងទ្វារផ្ទះត្រឹមត្រូវ ។ លុះពេលជិតភ្លឺឡើងបាត់កូនពីអង្រឹង ឃើញទ្វារផ្ទះនិងរបងចំហ ថែមទាំងឃើញឆ្កែត្រូវបានគេចាប់ចងដាក់ក្នុងបន្ទប់ទឹកមិនឲ្យព្រុសទៀត ។ ដោយឡែក សព្វថ្ងៃនេះ គាត់ត្រូវបានអ្នកភូមិផងរបងជាមួយចំអកឡកឡឺយដាក់គាត់ថា គាត់យកកូនទៅលក់ បានជាមិនសូវរវីរវល់តាមរកកូន ធ្វើឲ្យគាត់ឈឺចិត្តណាស់ តើម្តាយឯណាយកកូនជាទីស្រលាញ់ស្មើជីវិតទៅលក់នោះ? ដូចជាអយុត្តិធម៌ពេកហើយសម្រាប់រូបគាត់ ។ គាត់ក៏បានសូមអំពាវនាវដល់បងប្អូនទាំងឡាយណាដែលបានឃើញកូនស្រីមានភិនភាគដូចក្នុងរូបថតនេះ មេត្តាផ្តល់ដំណឹងនេះ ដល់រូបគាត់ផងគាត់នឹងមានជូនសគុណ ។
ទាក់ទិននឹងករណីក្មេងស្រី អាយុ៣ឆ្នាំ បាត់ខ្លួននេះ លោក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានបញ្ជាក់កាលពីរសៀលថ្ងៃទី១៩ ខែសីហា ម្សិលមិញនេះថា ពិតជាមានរឿងនេះកើតឡើងមែន ហើយសមត្ថកិច្ចរបស់លោកក៏មិនមែនព្រងើយកន្តើយក្នុងការស្រាវជ្រាវនោះដែរ តែដោយសារគ្មានតម្រុយ និងមិនមានភស្តុតាងណាមួយដើម្បីដាក់បន្ទុកក្នុងករណីបាត់ក្មេងនេះទេ តែសមត្ថកិច្ចរបស់លោកដាក់ការសង្ស័យក្រៅផ្លូវការថា ទី១ ករណីក្មេងស្រី អាយុ៣ឆ្នាំ បាត់ខ្លួននេះ អាចជាល្បិចកលរបស់ស្រ្តីជាម្តាយ ដើម្បីឲ្យប្តីដែលចុះទូកនេសាទត្រីរាប់ខែឆាប់មកផ្ទះវិញ ទី២-អាចក្មេងរងគ្រោះចុះពីអង្រឹងពេលចាស់ៗដេកលក់ហើយវារទៅធ្លាក់ស្រះចិញ្ចឹមត្រីឆ្តោលង់ស្លាប់ ហើយត្រីស៊ីជាចំណីបំបាត់សពផងក៏មិនដឹង ព្រោះថាផ្ទះនោះសង់ប្របនឹងស្រះចិញ្ចឹមត្រីឆ្តោធំៗណាស់ និងទី៣ បើយល់ថាមានគេចូលទៅលួចក្មេងយកទៅលក់ដូចមិនសម ព្រោះតាមការពិនិត្យស្រាវជ្រាវជាក់ស្តែង និងការបង្ហាញពីសាក្សីនៅកន្លែងកើតហេតុ ឃើញថាគ្មានអ្វីប្រែប្រួលនោះទេ។
នេះគ្រាន់តែជាការសន្និដ្ឋានក្រៅផ្លូវការប៉ុណ្ណោះ ខណៈដែលលោកអធិការអះអាងថា កំពុងស្រាវជ្រាវបន្តរឿងនេះនៅឡើយ ៕