ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល មានករណីហិង្សាមួយកើតឡើង ផ្តើមចេញពីរឿងទំនាស់ព្រំដី បណ្តាលឲ្យមានអ្នករបួសម្នាក់ រីឯជនដៃដល់ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់។
ជនរងគ្រោះ មានឈ្មោះ សេង ធឿន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ.ឃុំ.កើតហេតុ (របួសឆ្អឹងជំនីរខាងឆ្វេង១កន្លែង និងហើមជាំភ្នែកខាងឆ្វេង) ។
ចំណែកជនដៃដល់មានឈ្មោះសេង យឺន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកណ្តាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។


សមត្ថកិច្ចបានឲ្យដឹងថា កន្លងមក ជនដៃដល់ឈ្មោះសេង យឺន និងឈ្មោះ សេង ស្រឹម ជាបងប្អូនគ្នាបង្កើត មានទំនាស់ដីធ្លីជាមួយគ្នានៅចំណុចអូរ នៀល ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ។ នៅថ្ងៃទី១៨ ខែសីហា នេះ មានអ្នកភូមិម្នាក់ ឈ្មោះឈីវ ឆន បានហៅឈ្មោះ សេង យឺន និងឈ្មោះ យឺន មករា ឲ្យទៅដាំបង្គោលកំណត់ព្រំដីរបស់ខ្លួននៅចំណុចអូរនៀល ជាប់និងដីទំនាស់រវាងឈ្មោះ សេង យឺន និងឈ្មោះ សេង ស្រឹម ។

ពេលនោះឈ្មោះ សេង ស្រឹម ទៅឃាត់ឈ្មោះ សេង យឺន កុំឲ្យបោះបង្គោលព្រំដី ដោយសំអាងថា បោះបង្គោលព្រំដីមិនត្រឹមត្រូវចូលមកដីខ្លួន បន្ទាប់មកឈ្មោះ សេង ស្រឹម និងឈ្មោះ សេង យឺន ឈ្មោះ យឺន មករា បានប្រតាយប្រតប់ដណ្តើមបង្គោលព្រំដី ឃើញដូច្នេះឈ្មោះ សេង ធឿន បានរត់ចេញពីក្រោមផ្ទះរបស់ឈ្មោះ សេង ស្រឹម ចូលទៅឃាត់ហើយប្រតាយប្រតប់គ្នាជាមួយឈ្មោះ យឺន មករា ស្របពេលនោះឈ្មោះ ម៉ី អ៊ិត ជាប្រពន្ធរបស់ឈ្មោះ សេង យឺន បានចូលទៅប្រតាយប្រតប់ជាមួយឈ្មោះ សេង ធឿន។ ឃើញដូចនេះឈ្មោះ សេង យឺន បានយកដំបងឫស្សី ទៅបុកឈ្មោះ សេង ធឿន ចំនួនពីរដំបងត្រូវចំឆ្អឹងជំនីរខាងឆ្វេង ហើយឈ្មោះ យឺន មករា ចូលទៅប្រតាយប្រតបឈ្មោះ សេង ធឿន បន្ថែមទៀត បណ្តាលឲ្យមានរបួសហើមជាំភ្នែកខាងឆ្វេង បន្ទាប់មកក៏បំបែកចេញពីគ្នាអស់ទៅ ។


ប្រភពបន្តថា លុះដល់ថ្ងៃទី១៩ រំលងបាន១ថ្ងៃ ទើបភាគីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហើយពេលនោះកម្លាំងអធិការ សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យ បញ្ជូនអធិការដ្ឋានគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕