ភ្នំពេញ ៖ រថយន្តឌុកដឹកទំនិញ១គ្រឿង បើកបរក្នុងល្បឿនលឿនដូចហោះ លុះមកដល់ផ្លូវបត់បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គោលខ្លោងទ្វាររបងរបស់គេយ៉ាងពេញទំហឹង លាន់ដូចរន្ទះបាញ់ បណ្តាលឲ្យបាក់រលំទ្វារមួយផ្ទាំង ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៤នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
រថយន្តបង្កហេតុ ជាប្រភេទរថយន្តយីឌុកធុនធំដឹកទំនិញពេញ ពណ៌ខៀវ មិនឃើញស្លាកលេខ និងបើកបរដោយជនមិនស្គាល់ឈ្មោះម្នាក់។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់កន្លែងកើតហេតុ ដែលជាផ្លូវអក្សរតេរវាងមហាវិថីឈ្នះ-ឈ្នះ ទំនងជារថយន្តខាងលើបួងចង្កូតមិនទាន់បានជ្រុលទៅបុកបង្គោលទ្វាររបងដីឡូ បណ្តាលឲ្យបាក់មួយដើមព្រមទាំងខូចខាតរបងនៅជាប់នោះ ហើយរលំទ្វារដែកមួយផ្ទាំង ចំណែករថយន្តបង្កខូចខាតកំណាត់មុខស្ទើរទាំងស្រុង។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ស្រាប់តែពេលនោះមានតំណាងភាគីរថយន្តបង្ក មកសុំធ្វើការសម្របសម្រួលជាមួយភាភីម្ចាស់របង ដោយចេញប្រាក់សំណងជួសជុលរបងឡើងវិញ ដើម្បីបញ្ចប់រឿង៕