ខេត្តកណ្ដាល៖ អ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ធ្វើដំណើរពុំមានភ្លើងបំភ្លឺផ្លូវ ស្រាប់តែបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធ្វើដំណើរច្រាស់ទិសគ្នាក្នុងល្បឿនលឿន មើលមិនឃើញ ក៏បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងសងខាងរងរបួសធ្ងន់ដូចគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ លើផ្លូវលេខ១១៥ ស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ។
ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ហ៊ុល សុរ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិពោធិ៍ខ្ពស់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D-2642 ។ ចំណែកឯជនរងគ្រោះរងរបួសធ្ងន់ម្នាក់ទៀតឈ្មោះ សេង ដូរ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GI-1361 ។

មុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៥ ក្នុងទិសដៅពីកើតទៅលិច ដោយពុំមានភ្លើងបំភ្លឺផ្លូវ នោះទេ លុះបើកមដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធ្វើដំណើរច្រាស់ទិសគ្នា ដោយល្បឿនលឿន ក៏បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសាមុយ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះវាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕