ភ្នំពេញ៖ បុរសជាឪពុកម្នាក់ឌុបកូនទៅមើលឈ្មោះត្រៀម ប្រឡងបាក់ឌុប តែអកុសលត្រូវជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ បណ្ដាលឱ្យកូនស្រីស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ គួរឲ្យស្ដាយស្រណោះបំផុត។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦អា កែងនិងមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។


ជនរងគ្រោះ ឈ្មោះ អ៊ុយ លីលី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិរកាកោង២ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរសិស្សថ្នាក់ទី១២ ត្រូវប្រឡងបាក់ឌុប នៅថ្ងៃចន្ទ ទី១៩សីហានេះ។

បុរសជាឪពុកឈ្មោះអ៊ុយ ឃុន ភេទប្រុស អាយុ៦០ ឆ្នាំមុខរបរអាជីវក បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកកូនស្រីរបស់គាត់ពីផ្ទះនៅស្រុកមុខកំពូល ដើម្បីទៅមើលឈ្មោះប្រឡងបាក់ឌុប និងទៅស្នាក់នៅផ្ទះសំណាក់ជិតមណ្ឌលប្រឡងបាក់ឌុប នៅក្រុងតាខ្មៅ នាព្រឹកស្អែក ។ លុះធ្វើដំណើរមកដល់ចំណុចផ្លូវជាតិលេខ៦អា កែងនិងមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តដឹកឥដ្ឋ មកបុកពីក្រោយពេញទំហឹងបណ្ដាល ឲ្យកូនស្រីរបស់គាត់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័មបំផុត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងបានប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕