នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ អ្នកផ្គូផ្គងការប្រកួតប្រចាំស្ថានីយ៍ទូរទស្សន៍អាសុីអាគ្នេយ៍ បានបង្ហាញមុខ កីឡាករគូដណ្តើមមេដាយមាសនិងខ្សែក្រវ៉ាត់Boostrong Gold Medal Fighters on Fire ដែលនឹងត្រូវប្រកួត នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។ តែអ្វីដែលធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនោះគឺ កីឡាករ ទាំងពីរសឹងតែវាយគ្នាទៅហើយដោយសារតែពាក្យសំដីឌឺដងគ្នា។

គួបញ្ជាក់ដែរថា ការប្រកួតដណ្តើមមេដាយមាស និងខ្សែក្រវ៉ាត់ភេសជ្ជៈលំដាប់ពិភពលោក Boostrong បានចាប់ផ្តើមនៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការរៀបចំរូបមន្តពិសេសមិនធ្លាប់មានពីមុនឡើយ។ ការប្រកួតនេះចូលរួមដោយ កីឡាករជើងខ្លាំងកម្ពុជាចំនួន៨រូប និងកីឡាករបរទេសចំរុះជាតិសាសន៍៨រូប។ កីឡាករកម្ពុជាទាំង៨រូបរួមមាន៖ កីឡាករ ឆៃ សារ៉ា, វង្ស វិឆ័យ, យ៉ាម ខេមរា, ធឿន វីថាត់, ទេស សំខាន់, ហេង សំរាំង, ធី តុងហី និងកីឡាករ នន់ ជំនិត។ រីឯ កីឡាករបរទេសរួមមាន៖ កីឡាករ ហ្វា មីឆៃ មកពីប្រទេសថៃ, ម៉ាទីន មកពីប្រទេសអុីរ៉ង់, រ៉ួន សុីអាហួរ មកពីប្រទេសចិន, ក្វាន់ អេក មកពីប្រទេសថៃ, ហ្គា ហ្វារី មកពីប្រទេស អុីរ៉ង់, ឈូក ណាំឆៃ មកពីប្រទេសថៃ, ដារីន ជិន មកពីប្រទេសអូស្ត្រាលី, និងកីឡាករ ផាត់ ណាំនឹង មកពីប្រទេសថៃ។

លទ្ធផលប្រកួតជំរុះជុំទី១ មានកីឡាករចំនួន៨រូបដែលឈ្នះគូប្រកួត និងអាចបន្តការប្រកួតជុំទី២បានរួមមាន៖ កីឡាករ កម្ពុជា៤រូបគឺ កីឡាករ ឆៃ សារ៉ា, វង្ស វិឆ័យ, យ៉ាម ខេមរា, និងកីឡាករ នន់ ជំនិត។ រីឯកីឡាករបរទេសដែលអាចបន្តទៅ ជុំទី២ មាន៤រូបគឺ កីឡាករ ឈូក ណាំឆៃ និង ក្វាន់ អេក ជាកីឡាករមកពីប្រទេសថៃ, កីឡាករអូស្ត្រាលី ដារីន ជិន និងកីឡាករអុីរ៉ង់ ហ្គា ហ្វារី។

លទ្ធផលប្រកួតជុំទី២ គឺកីឡាករកម្ពុជាទាំង៤រូប សុទ្ធតែអាចយកឈ្នះគូប្រកួតនិងដែលអាចឈានជើងបន្តទៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ។

លទ្ធផលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ កីឡាករ ឆៃ សារ៉ា បានយកឈ្នះកីឡាករ យ៉ាម ខេមរា រីឯ កីឡាករ វង្ស វិឆ័យ យកឈ្នះ កីឡាករ នន់ ជំនិត។

សូមបញ្ជាក់ថាតាមរូបមន្តប្រកួត នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩ នេះ កីឡាករដែលឈ្នះទាំង២រូប នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះគឺ ឆៃ សារ៉ា និង វង្ស វិឆ័យ នឹងត្រូវប្រគួតដណ្តើមលេខ១ យកមេដាយមាស និងខ្សែក្រវ៉ាត់ រីឯកីឡាករដែលចាញ់ទាំង២រូបគឺ នន់ ជំនិត និង យ៉ាម ខេមរា នឹងធ្វើការប្រកួតដណ្តើមចំណាត់ថ្នាក់ លេខ៣