ខេត្តកំពត៖  យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក អ៊ី ឃាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ នៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកឈូក ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធការដឹកនាំប្រមូលផ្ដុំខុសច្បាប់ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មិញ នៅក្នុងមូលដ្ឋាន ស្រុកឈូក។ 

 ជនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនរូបនេះ ឈ្មោះ នុត ពេជ អាយុ៦៣ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាស្រុកឈូក និងជាអតីតអនុប្រធានប្រតិបតិ្ដស្រុកឈូក នៃអតីតគណបក្សសង្គ្រោះជាតិ ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តកំពត ឈ្មោះ នុត ពេជ ត្រូវបានចោទប្រកាន់ពីបទ «មិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ (ប្រឆាំងសាលដីការបស់តុលាការកំពូល) ប្រមូលផ្ដុំញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្ដនៅភូមិព្រៃសំណាងលើ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត កាលពីខែមេសា ខែឧសភា ឆ្នាំ២០១៩។ 

ជនជាប់ចោទរូបនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនពីស្រុកឈូក ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត និងកសាងសំណុំរឿងបញ្ជូនបន្ដទៅកាន់តុលាការ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ ៕