ខេត្តបាត់ដំបង៖ ក្មេងប្រុស៣នាក់នាក់ ក្នុងនោះមាន២នាក់ជាប្អូនបង្កើតនឹងគ្នា បាននាំគ្នាលួចឡើងលើផ្ទះបុរីដែលម្ចាស់គេចាក់សោទ្វារទុកចោល ស្រាប់តែមានម្នាក់ធ្លាក់ពីលើអគារកម្ពស់២ជាន់ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះបុរីបន្ទាយគុយហ្សេ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្មេងប្រុសរងគ្រោះខាងលើឈ្មោះ មឿន ប៊ុណ្ណា អាយុ១៤ឆ្នាំ រស់នៅផ្ទះលេខ១៣១ ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិកសង្កាត់ខាងលើ ។

   មុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះ២នាក់ប្អូនបង្កើត និងមិត្តភក្តិម្នាក់ទៀត បាននាំគ្នាលួចឡើងទៅលេងលើផ្ទះបុរីដែលម្ចាស់គេចាក់សោទ្វារទុកចោល ។ លុះបន្តិចក្រោយមក ក្មេងប្រុសដែលត្រូវជាប្អូនបង្កើតរបស់ក្មេងរងគ្រោះ បានរត់ស្រែកយំឲ្យគេឯងជួយភ្លាមនោះ ប្រជាពលរដ្ឋដែល រស់នៅក្បែរកន្លែងកើតហេតុ ទើបដឹងថា ក្មេងប្រុសរងគ្រោះ ធ្លាក់ពីលើអគារកម្ពស់២ជាន់ បណ្តាលឲ្យបែកក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ 

ក្រោយពេលកើតហេតុ ដោយសារឪពុកម្តាយមិនអស់ចិត្ត បានដឹកកូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យដែរ តែត្រូវបានក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញប្រាប់ថា ក្មេងរងគ្រោះស្លាប់ហើយ និងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕