ភ្នំពេញ៖ ជនសង្ស័យជាប្ដីម្នាក់ បានយកទូរស័ព្ទប្រពន្ធ មកឆែកមើលFacebook ធ្វើឲ្យប្រពន្ធមានការខឹងសម្បារ បង្កជាជម្លោះ ឈានដល់ការប្រើអំពើហិង្សាវាយប្រពន្ធឲ្យរងរបួស កាលពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ចំណុចក្នុងផ្ទះជួលលេខ០៥ ផ្លូលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនសង្ស័យឈ្មោះ រស់ សម្បត្តិ ហៅមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងចាក់សាក់ ស្នាក់នៅផ្ទះជួលលេខ០៥ ផ្លូលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ នារីរងគ្រោះឈ្មោះ ព្រឿង ស្រីដា អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងចាក់សាក់ ស្នាក់នៅផ្ទះជួលជាមួយគ្នា ។


ជនរងគ្រោះជាប្រពន្ធបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨ នាង និងជនសង្ស័យ បានស្រឡាញ់គ្នាជាសង្សារ នឹងបានរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ ដោយមិនបានរៀបការនោះទេ ហើយបានមកជួលផ្ទះខាងលើ បើកហាងចាក់សាក់ជាមួយគ្នា។ លុះមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦៖៣០នាទីល្ងាច ជនសង្ស័យបានយកទូរស័ព្ទប្រពន្ធឆែកFacebookនាង ទើបធ្វើឲ្យនាងមានការខឹងសម្បារ បង្កជាជម្លោះ ហើយជនសង្ស័យបានប្រើអំពើហិង្សាវាយនាងឲ្យរងរបួស មានស្នាមក្រចកនៅលើផ្ទៃមុខខាងស្ដាំ និងស្នាមក្រចកនៅលើ ក និងស្នាមជាំលើភ្លៅខាងឆ្វេង។


ក្រោយពេលកើតហេតុ នាងក៏បានប្ដឹងរប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ឲ្យចុះទៅអន្តរាគមន៍ ឃាត់ខ្លួនប្តីហេងស៊យនោះ និងបានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ឃើញថាជនសង្ស័យរូបនេះ មានសារធាតុញៀន រួចបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់៕