នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុន បានបង្ហោះសារជូនពរមួយ ក្នុងហ្វេសប៊ុក “Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា” សម្រាប់សិស្សានុសិស្សដែលនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី១៩ ដល់២០ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះថា៖

“ជម្រាបសួរ ក្មួយៗសិស្សវិទ្យាល័យថ្នាក់ទី១២! ក្មួយៗ នឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីថ្ងៃទី១៩ ដល់២០ ខែសីហានេះ។ ខ្ញុំសូមជូនពរ ក្មួយៗជាទំពាំងស្នងឬស្សីកម្ពុជាទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា នាព្រឹក ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ “Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា” បានប្រាប់ឲ្យដឹងថា ឯកអគ្គរាជទូតជប៉ុន បានជួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ហ្វេសប៊ុកដដែលក៏បានបន្តទៀតថា៖

“ថ្ងៃទី១៣ ខែសីហា ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុន បានជួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន សម្រាប់ការសហការដើម្បីពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា ឲ្យមានការរីកចំរើនគួរឲ្យកត់សម្គាល់លើវិស័យនានាក្នុងអាណត្តិបីឆ្នាំរបស់ឯកឧត្តម ឯកអគ្គរាជទូតនៅកម្ពុជា។ “៕