ភ្នំពេញ៖ ស្រ្តីម្នាក់ផឹកស្រាស្រវឹងខឹងប្តីដើរផឹកស្រាបាត់ ចាប់កូនតូចរបស់ខ្លួនអាយុ១១ខែវាយ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខសួនពោធិ៍ចិនតុង ដែលស្ថិតនៅភូមិតាងួន២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ 

ស្រ្តីដែលវាយកូនមានឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ 

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅមុនពេលកើតហេតុ  កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យកំពុងឆែកអាវុធជាតិផ្ទុះ នៅជិតកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋរត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍លើស្រ្តីម្នាក់ដែលកំពុងតែចាប់បោកកូនតូច២នាក់បងប្អូន កូនបងអាយុ១០ឆ្នាំ និងកូនប្អូនអាយុ១១ខែ ដោយចាប់វាយកូនប្អូនអាយុ១១ខែបណ្តាលឲ្យបាត់មាត់បាត់កក្តៅខ្លួនយ៉ាងខ្លាំង ។

ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈពេលភ្លាមៗនោះ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យចុះទៅឃាត់ស្រ្តីខាងលើ ត្រូវស្រ្តីរូបនោះបានដោះស្បែកជើងវាយជេរសមត្ថកិច្ចទៀត ។ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានយកកូនស្រីទាំង២នាក់ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីព្យាបាល តែខាងមន្ទីរពេទ្យមិនបានទទួលព្យាបាលទេ ព្រោះក្មេងតូចពេក ឲ្យសមត្ថកិច្ចនាំយកទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិវិញ ។ 

ចំណែកស្រ្តីជាម្តាយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំ តែជនសង្ស័យជាម្តាយ ខាងលើបានបដិសេធថា ខ្លួនមិនបានវាយបោកកូនទេ មានម្តាយឯណាវាយកូនឯងនោះទេ និងស្រែកឡូឡាផ្អើលពេញប៉ុស្តិ៍នគរបាលកាកាបទី២ទៀត ។ 

ដោយឡែកតាមកូនស្រីបងបានឲ្យដឹងថា មុនពេលកើតហេតុឪពុកចុងរបស់គេទៅផឹកស្រាបាត់ ម្តាយដើររកអត់ឃើញខឹង ក៏ចាប់ប្អូនរបស់គេវាយតែម្តង ៕