ផ្ទី គឺជាដំណាំមួយប្រភេទដែលដុះនៅក្នុងស្រុក ហើយបងប្អូនប្រជាពលរដ្ឋកម្ពុជារបស់យើងភាគច្រើននិយមក្នុងការដាំ និងទទួលទាន ពីព្រោះវាជាដំណាំមួយដែលងាយស្រួលដាំដុះ ថែទាំ​ ថែមទាំងមានអត្ថប្រយោជន៏ចំពោះសុខភាព អាចយកទៅច្នៃជាឱសថបុរាណធម្មជាតិក្នុងការព្យាបាលជំងឺ និងអាចយកទៅផ្សំជាចំណីសត្វទៀតផង។

តើត្រូវប្រើបច្ចេកទេសយ៉ាងណាដើម្បីដាំផ្ទីឲ្យទទួលបានទិន្នផលខ្ពស់?

១/.អំពីពូជ៖
ផ្ទីមានច្រើនប្រភេទដូចជា ផ្ទីដូង ផ្ទីសផ្ទីពណ៌ស្វាយ ផ្ទីថ្ម ផ្ទីបន្លា ផ្ទីអាចម៍មាន់…។ ការដាំផ្ទី អាចជ្រើសរើសបានទៅ តាមតម្រូវការរបស់អ្នកដែលចង់ចាំ។

២/.បច្ចេកទេសដាំដុះ៖
–រដូវដាំដុះ : ផ្ទីអាចដាំបានស្ទើរគ្រប់រដូវ។
–ការរៀបចំដីនិងការដាក់ជីផ្ទីអាចដាំបាននៅលើដីគ្រប់ប្រភេទ (ដីដែលមិន ជាំទឹក) គេអាចដាំបានពេញ ១ ឆ្នាំ ចំពោះដីដែលល្អ។

–គេអាចប្រើជីធម្មជាតិចំនួន ២ គ.ក្រ និងជី ១៥-១៥-១៥ ឬជី ១៦-២០-០ ចំនួនពី ២០ ទៅ ៣០ ក្រាមក្នុងផ្ទៃដី១ម៉ែត្រការេ។
–ត្រូវលើករង ដែលមានទទឹង ១ ម កំពស់ ១០ ស.ម និងបណ្តោយយោងតាម លទ្ធភាពដែលមាន។ ត្រូវ ភ្ជួរដីហាលពី ៧-១០ ថ្ងៃ ធ្វើដីឲ្យម៉ដ្ឋ ហើយរាល់យកស្មៅឲ្យបានស្អាត។

៣/. របៀបដាំ ឬសាប៖
–ក្រោយពីលើរងរួចត្រូវឆូតជាចង្អូរកាត់ទទឹងរងជំរៅពី១-១,៥ស.ម និងចន្លោះ ពីចង្អូរមួយទៅចង្អូរមួយទៀតប្រវែងពី ២០-២៥ ស.ម។
–មុនសាបត្រូវលាយគ្រាប់ជាមួយផេះ ដើម្បីឲ្យងាយស្រួលក្នុងការពិនិត្យគ្រាប់ថាញឹកឬ រង្វើល។
–ត្រូវនឹងសាបគ្រាប់ផ្ទីឲ្យស្តើងជាទីបំផុត

–ក្រោយពេលសាបរួច ត្រូវយកចំបើងគ្របពីលើរហូតដល់ផ្ទីដុះឡើងធំ
–គ្រាប់ចាប់ផ្តើមដុះពន្លក ក្រោយពេលសាបបានពី៣ ទៅ ៥ ថ្ងៃ
–ស្រោចទឹកឲ្យបានពីរដងក្នុង ១ ថ្ងៃ
–បើកូនផ្ទីដុះក្រាស់ពេក គួរដកចេញខ្លះដើម្បីកុំឲ្យផ្ទីមានដើមតូចពេក។

៤/.ការថែទាំ៖
ដំណាំផ្ទីត្រូវការទឹកតិចណាស់ បើកាលណាដីជាំទឹកធ្វើឲ្យវារលួយ។ ចំណែកនៅ រដូវប្រាំងវិញ ក្តៅខ្លាំងមានរយៈ ពេលយូរធ្វើឲ្យវាដុះលូតលាស់យឺត ដើមដងមិនសូវល្អ។ ដូច្នេះទាមទារ ការស្រោចទឹក និងថែទាំអោយបានសមស្រប។ ចំពោះការស្រោចទឹក ជ្រោយដី បោចស្មៅ ជាកត្តាសំខាន់ សម្រាប់ដំណាំផ្ទី។


៥/.ការប្រមូលផល៖
គេអាចប្រមូលផលវាបានក្នុងរយៈពេលពី ២៥ ទៅ៣០ ថ្ងៃក្រោយពេលព្រោះឬដាំ ហើយអាចប្រមូលផលបាន ច្រើនលើកច្រើនសារដូចត្រកួនដែរ។ ប្រើសិនបើគេកាត់ដើមទុកគល់ប្រវែងពី ២-៣ ស.ម ពីដី ហើយស្រោចទឹកដាក់ជី បន្ថែម វាអាចអោយផលដូចដែល យើងដាំគ្រាប់ដែរ។

៦/.ការទុកដាក់ពូជ៖
នៅពេលដែលចង់បានគ្រាប់ធ្វើពូជ ដើមទាំងនោះទុកអោយមានផ្កាផ្លែ។ លុះដល់ផ្លែទុំស្រគាល គេបូតដាក់ថង់ ហាលថ្ងៃអោយស្ងួត ទើបរោយសំអាតយកគ្រាប់ ហើយហាលថ្ងៃបន្ថែមទៀតដើម្បីអោយគ្រាប់ស្ងួតល្អ ទើបច្រកដាក់ដបទុកសម្រាប់ដាំនៅរដូវក្រោយៗទៀត​ ៕