ខេត្តឧត្ដរមានជ័យ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តឧត្ដរមានជ័យ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រីឡឹក សុខា ស្នងការរង បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាព្រះចៅអធិការវត្តមួយអង្គ និងបក្ខពួកម្នាក់ទៀតពាក់ព័ន្ធករណីអំពើឃាតកម្មគិតទុកជាមុន សម្លាប់បុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូឌុប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុច នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១- ឈ្មោះ ឆាយ ឡុង ហៅជ្រក់ ភេទប្រុស អាយុ២៧ ឆ្នាំ ជាចៅអធិការវត្តបុរីព្រៃជុំ ហៅវត្តដីថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វេង ។ ២- ឈ្មោះ អ៊ុយ ឡូ ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
ចំណែកជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ឈ្មោះ ផាត់ ហាត់ ភេទប្រុស អាយុ៦៨ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់បានសារភាពថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៥-០០ នាទី ពួកគេពិតជា បានធ្វើសកម្មភាពសម្លាប់ទៅលើជនរងគ្រោះដោយយកញញួរវាយក្បាល និងកញ្ចឹងកជនរងគ្រោះជាអ្នករត់ម៉ូតូឌុប បណ្តាលឲ្យស្លាប់ពិតប្រាកដមែន នៅចំណុចក្នុងព្រៃ ផ្លូវចូលភូមិប្រលាន ក្នុងឃុំអន្លង់វែង ។


ក្រោយពីសម្លាប់ជនរងគ្រោះរួចហើយ ពួកគេបានយកម៉ូតូជនរងគ្រោះមកលាក់ទុកនៅក្នុងព្រៃក្បែរផ្លូវហាយវ៉េ ចំណុចខាងត្បូងស្ពានថ្ម ចម្ងាយ១៦៥ ម៉ែត្រ ស្ថិតនៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចបានរកឃើញម៉ូតូជនរងគ្រោះ និងបានកំណត់មុខសញ្ញា និងចាប់បានជនសង្ស័យនៅវេលារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ហើយបាននាំទៅបង្ហាញសាកសពជនរងគ្រោះដែលមានសភាពសពហើមរលួយទៅហើយនោះ នៅវេលាម៉ោង ១៥-០០ នាទីថ្ងៃទី១៦ ខែសីហា ដដែលនោះ ។


សមត្ថកិច្ចនគរបាលខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា មូលហេតុករណីអំពើឃាតកម្មខាងលើនេះ ផ្តើមចេញពីព្រះសង្ឃជាចៅអធិការវត្តបុរីព្រៃជុំ ហៅវត្តដីថ្មី នេះ បានឲ្យជនរងគ្រោះ ចាក់ឆ្នោតាច្រើនថ្ងៃមកហើយ អស់ប្រាក់សរុបចំនួនន ៣០,០០០,០០០ រៀល (សាមសិបលានរៀល) ហើយនៅជំពាក់ជនរងគ្រោះ ១៧, ០០០,០០០ រៀល(ដប់ប្រាំពីលានរៀល)ទៀត ពេលជនរងគ្រោះទៅទារប្រាក់ មិនមានប្រាក់សងវិញ ហើយជនរងគ្រោះដឹងរឿងព្រះសង្ឃជាចៅអធិការវត្តនេះ មានស្រីញីទៀតនោះ ជនសង្ស័យក៏បែកគំនិតរៀបចំគម្រោងសម្លាប់ជនរងគ្រោះ បំបិទមាត់តែម្តង ។
ជនសង្ស័យជាព្រះសង្ឃជាចៅអធិការវត្តនេះ ត្រូវបានខាងការិយាល័យធម្មការ និងសាសនាស្រុក និងព្រះអនុគណស្រុក ធ្វើពិធីផ្សឹកទៅតាមប្រពៃណីសាសនា ។


ជនសង្ស័យឈ្មោះ ឆាយ ឡុង ហៅជ្រក់ ជាចៅអធិការវត្តបុរីព្រៃជុំ ហៅវត្តដីថ្មី និងឈ្មោះ អ៊ុយ ឡូ សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ឈ្មោះ ផាត់ ហាត់ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕