ភ្នំពេញ៖ ទីបំផុត បុរសមាត់ស្អុយឈ្មោះ អ៊ូច រិទ្ធី ដែលជេប្របានមាថអ្នកនាង ចន ច័ន្ទលក្ខិណា តាមហ្វេសប៊ុកនោះ បានចេញមុខ និងសុខចិត្តសុំទោសជាសាធារណៈហើយ ហើយប្រធានសមាគមសិល្បករខ្មែររូបនេះបានសម្រេចចិត្តដកពាក្យបណ្តឹង និងទទួលយកការសុំទោសមួយនេះ ។


កាលពីថ្ងៃទី១៦ ខែសីហា ឈ្មោះ អ៊ូច រិទ្ធី និងអ្នកនាងចន ច័ន្ទលក្ខិណា បានធ្វើការសម្របសម្រួលគ្នា ដោយភាគីបង្កបានសម្រេចចិត្តធ្វើការសុំទោសជាសាធារណៈ និងបានលើកឡើងថា ការដែលលោកបានចូលទៅ Comment លើហ្វេសប៊ុកអ្នកនាងចន ច័ន្ទលក្ខិណា ថា ជាស្រីផិតប្តី នោះគឺដោយសារលោកស្រវឹង និងមានបញ្ហាផ្ទាល់ខ្លួនក្នុងគ្រួសាររួមទាំងសតិមិនសូវប្រក្រតី ។

ទោះជាហេតុផលនេះ ពិបាកនឹងទទួលយកបានក៍ពិតមែន ប៉ុន្តែអ្នកនាង ចន ច័ន្ទលក្ខិណា រួមទាំងគូស្នេហ៍លោក ហេង ឡុង សម្រេចចិត្តទទួលយកការសុំទោសនោះដើម្បីកុំឲ្យមានរឿងវែងឆ្ងាយតទៅទៀត ។

ក្រៅពីការសុំទោស បុរសនោះក៏បានបញ្ជាក់ដែរថា រូបលោកមិនមែនជាមន្ត្រីទាហានឡើយ ពោលគឺលោកបានបញ្ចប់ការងារនោះរយៈពេល៥ឆ្នាំមកហើយ ដូចនេះសូមកុំមានការយល់ច្រឡំ ។


គួរបញ្ជាក់ដែរថា កាលពីរាត្រីថ្ងៃទី១៤ ខែសីហានេះ ក្រោយពី អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់នាងពីករណីបុរសជាមន្ត្រីយោធាម្នាក់បានប្រមាថ នាងថា ស្រីផិតប្តី និងជេរនាងតាមការ Call វីដេអូផងដែរ មហាជនមានការភ្ញាក់ផ្អើលខ្លាំង កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ ។ តារាស្រីរូបនេះបានសម្រេចចិត្តប្តឹងលើបុរសនោះជាផ្លូវការហើយ ដោយនាងស្នើឲ្យមានការស្វែងរកយុត្តិធម៌សម្រាប់នាងចំពោះការមាក់ងាយមួយនេះ ។ នាងបញ្ជាក់ថា៖ “បើគ្មានយុត្តិធម៌មកលើខ្ញុំទៀតទេ ខ្ញុំអស់ជំនឿហើយ” ។


ជាមួយគ្នានេះដែរ តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង បានប្រកាសថា សមាគមសិល្បករខ្មែរ សម្រេចប្តឹងបុគ្គលឈ្មោះ អ៊ូ រិទ្ធី ដែលបានជេរប្រមាថមកលើកអ្នកនាងចន ច័ន្ទលក្ខិណា ហើយលោករង់ចាំមើលថា តើក្រសួងការពារជាតិ និងចាត់វិធានការយ៉ាងណាចំពោះបុគ្គលរូបនេះ? ៕