ខេត្តកណ្តាល ៖ បុរសចិនបានផឹកស្រាឡើងស្រវឹងជោកជាំ រហូតមិត្តភត្តិនាំទៅមន្ទីរពេទ្យព្យាបាល ហើយពេលត្រឡប់មកវិញ ក៏ដេកលង់លក់ទៅ។ លុះព្រឹកឡើងមិនឃើញជនរងគ្រោះក្រោកធ្វើការសោះ ទាល់តែមិត្តភក្តិយកដៃអង្រួនដាស់ ទើបដឹងថា ជនរងគ្រោះស្លាប់រឹងស្តូកបាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ស្នាក់នៅការដ្ឋានសំណង់ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ។


ជនរងគ្រោះដែលដេកស្លាប់នេះ មានឈ្មោះជូ យ៉ាវលីន (ZHU YAOLIN )ភេទប្រុស កើតថ្ងៃទី១៨ ខែ១១ ឆ្នាំ១៩៦៦ ជនជាតិចិន មុខរបរ មេការសំណង់ចិន មានកាន់លិខិតឆ្លងដែន លេខ ED6230664 ចុះថ្ងៃទី 16.08.2018 មាន ស្រុកកំណើត ខេត្តជាំងស៊ូ ប្រទេសចិន ។ បច្ចុប្បន្នស្នាក់នៅ ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅ ។


តាមការបំភ្លឺ របស់ឈ្មោះ វ័ង ជុនគឺ ភេទប្រុស អាយុ៥១ឆ្នាំ ជាកម្មករសំណង់ ជាជនជាតិចិនដូចគ្នា ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ
១៩.០០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះ មានជំងឺមិនស្រួលខ្លួនងងឹតមុខ ហើយឈប់ម៉ូតូដួល ត្រូវគេជូនទៅមន្ទីរពេទ្យឯកជនចិន នៅភូមិជ្រៃធំ ឃុំសំពៅពូន ឮដូចនេះ គាត់ក៏ទៅមន្ទីរពេទ្យនោះ ឃើញជនរងគ្រោះ មានសភាពស្រវឹងស្រាខ្លាំង គ្រូពេទ្យកំពុងព្យាបាល។ ក្រោយមក ជនរងគ្រោះមានសុខភាពបានស្រួលវិញ លោកបាននាំជនរងគ្រោះយកមកបន្ទប់ស្នាក់នៅ ដោយសម្រាកជាមួយគ្នារហូតទល់ភ្លឺ ហើយមិនទាន់ឃើញជនរងគ្រោះភ្ញាក់ ក៏ទៅដាស់តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។


ចំណែកស្រី្តជនជាតិចិនឈ្មោះ ស៊ឺ ជឺអ័រ អាយុ៤៩ឆ្នាំ គ្រូពេទ្យឯកជនចិន ស្នាក់នៅភូមិ ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះ មានសភាពស្រវឹងស្រា ហើយមានអ្នកនាំមកព្យាបាលជំងឺនៅផ្ទះរបស់គាត់។ ក្រោយពីជំងឺធូរស្រាល ជនរងគ្រោះ និងមិត្តភក្តិ ក៏បាននាំគ្នាចេញពីផ្ទះរបស់គាត់ មកកន្លែងស្នាក់នៅវិញ លុះព្រឹកឡើងគាត់ទទួលដំណឹងថា ជនរងគ្រោះបានស្លាប់បាត់តែម្តង ។


សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុក បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត កម្លាំងប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញនិង តំណាងក្រុមហ៊ុនសំណង់ ដើម្បីធ្វើការពិនិត្យសាកសព ។


តាមការពិនិត្យ សពជនរងគ្រោះពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គ ។ ក្រោយមក សាកសពជនរងគ្រោះ ត្រូវបានដឹកយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមគ្រួសារ ឬស្ថានទូតសាមី ទទួលចាត់ចែងបន្ត៕