ខេត្តឧត្តរមានជ័យ៖ គ្រោះថ្នាក់អគ្គិភ័យទុស្សេខ្សែភ្លើងដោយភ្លើងឆាបឆេះផ្ទះលក់អីវ៉ាន់លក់ចាប់ហួយមួយកន្លែង បណ្តាលឲ្យផ្ទុះធុងហ្គាស របួសមនុស្ស៩នាក់ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
ហេតុការណ៍ភ្លើងឆាបឆេះផ្ទះលក់អីវ៉ាន់និងផ្ទុះធុងហ្គាសនេះ បណ្ដាលឲ្យប៉ើងកញ្ចក់ទ្វារ និងបង្អួច ហើយអ្នកទៅជួយអន្តរាគមន៍ សរុប ចំនួន០៩នាក់ (ស្រី៤នាក់) ក្នុងនោះ មានមន្រ្តីនគរបាលស្រុកចំនួន០៤ នាក់បានរងរបួស។


ផ្ទះដែលទទួលរងការឆាបឆេះខាងលើសាងសង់អំពីថ្ម មានទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់ពីរជាន់ ដំបូលប្រក់ស័ង្កសី បូករួមនឹងរបស់របរ រងការខូចខាតយ៉ាងសន្ធឹកសន្ធាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ គួយ គឹមលេញ ភេទប្រុស អាយុ៥៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ លក់ចាប់ហួយ ប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ ៤៩ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ហើយផ្ទះដែលទទួលរងការឆាបឆេះខាងលើ សាងសង់អំពីថ្ម មានទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់ពីរជាន់ ដំបូលប្រក់ស័ង្កសី បូករួមនឹងរបស់របរ រងការខូចខាតយ៉ាងសន្ធឹកសន្ធាប់ ។ មូលហេតុ បណ្ដាលមកពីទុស្សេខែ្សភ្លើង ។


នៅពេលកើហេតុ កម្លាំងចូលរួមពន្លត់អគ្គិភ័យ រួមមាន កម្លាំងនគរបាលខេត្ត កម្លាំងនគរបាលស្រុកអន្លង់វែង កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ កម្លាំងនគរបាលវរៈ៩០៥ កម្លាំងយោធា កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាពលរដ្ឋ រាប់រយនាក់ជួយអន្តរាគមន៍ និងប្រើរថយន្តពន្លត់អគ្គិភ័យ សរុប៥គ្រឿង (ប្រើប្រាស់ទឹកសរុប ចំនួន៤០ឡាន) ម៉ូតូដឹកទឹកមួយចំនួន ជួយបាញ់ទឹកពន្លត់ រហូតដល់ម៉ោង៥ព្រឹកថ្ងៃទី១៦ ខែសីហា ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕