ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូឆក់ទូរស័ព្ទពីបុរសម្នាក់បានសម្រេច រួចព្យាយាមជិះរត់គេចខ្លួន តែត្រូវជនរងគ្រោះស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភិតភ័យខ្លាំង ក៍ផ្តួលម៉ូតូរត់ចែកផ្លូវគ្នា ហើយប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងល្បាត បាននាំគ្នាដេញចាប់ជាប់ម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២ និង៣០នាទីថ្ងៃទី ១៥ សីហា ២០១៩ ចំណុចមុខស្ថានីយប្រេងតេលា ផ្លូវបេតុង ក្រុម៦ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។


ជនសង្ស័យដែលចាប់ខ្លួនបាន ឈ្មោះ ហ៊ាង ឆីត ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ឯជនសង្ស័យដែលគេចខ្លួនបាត់ ឈ្មោះ ធី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ចំណែកជនរងគ្រោះឈ្មោះ តូច សូលីណា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុក្គលិកអង្គការមូលនិធិកុមារ ស្នាក់នៅផ្ទះលេខ១១១ ផ្លូវបេតុង ក្រុមទី៩ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។


ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូចេញពភូមិដំណាក់ធំ បំណងមកផ្ទះនៅភូមិថ្មគោល ។ ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ប៊ិក សេ១១០ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BD-3135 មកពីក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក OPPO F7 ពណ៌ក្រហម ដែលគាត់កំពុងកាន់នៅនឹងដៃ បានសម្រេច ហើយព្យាយាមគេចខ្លួន ។ តែភ្លាមៗនោះ រូបគាត់បានជិះម៉ូតូដេញតាម និងស្រែកថា ចោរៗបណ្តើរ ធ្វើឲ្យជនសង្ស័យភិតភ័យខ្លាំង ក៍ផ្តួលម៉ូតូរត់ចែកផ្លូវគ្នា តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ចាប់បានម្នាក់ ចំណែកម្នាក់ទៀតយកទូរស័ព្ទគេចខ្លួនបាត់ ។


ជនសង្ស័យត្រូវបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕