បាត់ដំបង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ស័ង្កសី ស្ថិត​នៅ​ចំណុច​ភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ត្រូវ​អគ្គិភ័យឆេះ​អស់​គ្មាន​សល់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា ម្ចាស់ផ្ទះ​ដុត​ធូប​សែន ដែល​នៅ​លើ​ហឹងហើយ​ចេញ​ទៅ​ក្រៅ​បាត់ ។

ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ សន នី ភេទ​ប្រុស អាយុ​៦២​ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ចំណែកឯ​ទ្រព្យសម្បត្តិ ដែល​ខូចខាត​រួម​មានផ្ទះ​១​ខ្នង លុយ​ខ្មែរ​៣​លាន​៨​សែន​រៀល លុយ​អាម៉េរិក​១៥០​ដុល្លារ ទូរស័ព្ទ​ម៉ាក​ហ៊ួ​វ៉ៃ​១​គ្រឿង ថ្លៃ​១៧៥​ដុល្លារ ទូរស័ព្ទ​ម៉ាក​FIWI ១​គ្រឿង ថ្លៃ​៧៥​ដុល្លារ គោ​យន្ត​កន្ត្រៃ​១​គ្រឿង ,​គ្រែ​២ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ។

លោក​អធិការ​ស្រុក បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង បាន​ទៅ​ជួយ​បាញ់​ពន្លត់​អស់​ទឹក​១​រថយន្ត​ទើប​រលត់​ទៅ​វិញ មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ ហើយ​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ដែរ ៕