ខេត្តកណ្តាល ៖ យុវជនជាជាងជួសជុលរថយន្តម្នាក់ ខណៈដែលយកម៉ូទ័រទៅស្វានរន្ធសាក់ស៊ីរថយន្តមិនប្រយ័ត្ន ស្រាប់តែឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ គង់ ខុន នៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង។


យុវជនរងគ្រោះ ដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះធី ណាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិ-ឃុំកើត ហេតុខាងលើ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះបានយកម៉ូទ័រទៅស្វានរន្ធសាក់ស៊ីរថយន្ត ។ ពេលស្វានបាន៦រន្ធ ស្រាប់តែជនរងគ្រោះស្រែកថា ឆក់អញហើយៗ ។ ភ្លាមនោះឈ្មោះ ចំរើន ឌី បានស្ទុះទៅដកខ្សែភ្លើងចេញ ហើយជនរងគ្រោះបានដួលទៅដីហើយ និយាយបានបួនប្រាំម៉ាត់ក៏សន្លប់នៅនឹងកន្លែងកើតហេតុ។

ភ្លាមៗនោះអ្នករួមកាងារក៏បានយកជនរងគ្រោះដាក់លើរថយន្តយកទៅសង្គ្រោះនៅមណ្ឌលសុខភាពតាលន់ តែពេលទៅដល់លោកគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ ទើបដឹកសពជនរងគ្រោះត្រឡប់មកវិញ និងរាយការណ៍សមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។


ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍បានចុះទៅដល់ពិនិត្យកន្លែងកើតហេតុ និងបានធ្វើការពិនិត្យសាកសព ឃើញថា មានស្នាមជាំខ្លោចត្រង់ដៃខាងស្ដាំ ក្រៅពីនេះពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គល់ឡើយ ពោលគឺជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់មែន រួច បានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕