ខេត្តឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១២ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋមួយខ្នង នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង រួមទាំងទ្រព្យសម្បត្តិនៅក្នុងនោះទាំងស្រុង និងបណ្តាលឲ្យមនុស្សចំនួន៩នាក់ បានរងរបួសផងដែរ។


មន្ត្រីនគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍អគ្គិភ័យនេះ មានឈ្មោះគួយ គឹមលេញ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរលក់ចាប់ហួយ មានប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ផ្ទះរងគ្រោះ ដែលមាន ទំហំ៩ម៉ែត្រ គុណនឹង១២ម៉ែត្រ កម្ពស់២ជាន់ ដំបូលស័ង្កសី និងទ្រព្យសម្បត្តិរបស់របរប្រើប្រាស់មួយចំនួន។


ករណីអគ្គិភ័យនេះ កម្លាំងនគរបាលខេត្ត ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ វរៈ៩០៥ និងកម្លាំងយោធា កងរាជអាវុធហត្ថទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យសរុប៥គ្រឿង ម៉ូតូដឹកទឹកជាច្រើនគ្រឿងផងដែរ ដោយប្រើប្រាស់ទឹកសរុប ចំនួន៤០ឡាន ទើបអាចគ្រប់គ្រងស្ថានភាពបាន។


សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះ គឺបណ្តាលឱ្យផ្ទុះធុងហ្គាស ប៉ើងកញ្ចក់ទ្វា និងបង្អួច និងបណ្តាលឲ្យមនុស្សរងរបួសចំនួន៩នាក់ (ស្រី៤នាក់) ក្នុងនោះ នគរបាលស្រុកចំនួន៤នាក់ រីឯទំហំនៃការខូចខាតវិញ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយ ព្រោះតែម្ចាស់ផ្ទះកំពុងមានរបួសសម្រាកនៅមន្ទីរពេទ្យ និងកំពុងតែភិយភ័យ មិនអាចនិយាយរៀបរាប់ព័ត៌មានលម្អិតបាន៕