ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសជាសាធារណៈអំពីការលក់ឡៃឡុង អចលវត្ថុរបស់លោកជំទាវ កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេង មានដីនិងអគារចំនួន២៦កន្លែង ជាសាធារណៈ ក្នុង តម្លៃលក់អប្បបរមាជាង ៧លាន ២សែនដុល្លារ នៅទីកន្លែងលក់នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមលិខិតផ្សាព្វផ្សាយជាសាធារណៈរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ថា នៅថ្ងៃព្រហស្បតិ៍ ០១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ រាជធានីភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្រឡាបញ្ជី ឡា កួយ បានចេញលិខិត ការផ្សាយជាសាធារណៈរបស់សាលាដំបូងរាជធានីភ្នំពេញ អំពីការលក់ឡៃឡុងដោយស្រោមសំបុត្រ
គឺ យើង ឡា កូយ ក្រឡាបញ្ជីតុលាការអនុវត្ត នៃសាលាដំបូងរាជធានីភ្នំពេញ បានឃើញ មាត្រា ៤៣៦ កថាខណ្ឌទី៤ និងមាត្រាពាក់ព័ន្ធនៃក្រមនីតិវិធីរដ្ឋប្បវេណី។ បានឃើញ សំណុំរឿងអនុវត្តដោយបង្គំលេខ ៨៥ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ។
បានឃើញ ដីកាសម្រេចកំណត់តម្លៃលក់អប្បរមាលេខ ១៦ “ព”រវ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ របស់តុលាការអនុវត្ត នៃសាលាដំបូងរាជធានីភ្នំពេញ។
សូមប្រកាសជាសាធារណៈថា ចំពោះសំណុំរឿងអនុវត្តដោយបង្គំលេខ ៨៥ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ តុលាការបានសម្រេចបង្គាប់ឲ្យ អាជ្ញាសាលា អនុវត្តការលក់តាមដីកាសម្រេចលេខ ១៨ “ព”រវ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ដើម្បីលក់ឡាយឡុងលើអចលនវត្ថុរបស់ក្រុមហ៊ុនលេងប្រដ៏ធី អិលធីឌី ដែលមានកម្មសិទ្ធិករ គឺលោកស្រី ឈ្មោះ កែវ ម៉ាលី និងលោកស្រី ឈ្មោះ កែវ ស៊ុយធេង ចំពោះដី និងអគារចំនួន២៦កន្លែង ។


ក្រឡាបញ្ជី បានបញ្ជាក់ថា ការដាក់ប្រាក់ធានាលើសំណើទិញ (សាច់ប្រាក់សុទ្ធ ឬមូលប្បទានប័ត្រ) ចំនួន ១/១០ (មួយភាគដប់) នៃតម្លៃលក់អប្បបរមា ដែលត្រូវបង់ទៅសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនពេលដេញថ្លៃ។
អតិថិជនដែលដេញថ្លៃមិនបាន អាចដកប្រាក់វិញដោយឥតបង់ថ្លៃអ្វីទាំងអស់។ កាលបរិច្ឆេទនៃការទទួលពាក្យសុំចូលរួមដេញថ្លៃនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅការិយាល័យផ្នែករបៀប និងទទួលពាក្យបណ្តឹងនៃសាលាដំបូងរាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ។ ក្នុងអំឡុងពេលសម្រាប់ឲ្យសាធារណៈជនពិនិត្យមើលឯកសារលម្អិតអំពីវត្ថុ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅការិយាល័យផ្នែករបៀប និងទទួលពាក្យបណ្តឹង នៃសាលាដំបូងរាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ។ជុំវិញរឿងនេះ «KBN» មិនអាចសុំការបកស្រាយបញ្ជាក់ពីលោកជំទាវ កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេង បានទេ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕