រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​របស់​លោកស្រី កែវ ម៉ា​លី បាន​សេចក្តី​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ នេះ​ថា ព័ត៌មាន​ស្តី​ពី​ការ​ដាក់​លក់អចលនទ្រព្យ​របស់​ខ្លួន​ទាំង​២៦​ប័ណ្ណ របស់​ក្រុមហ៊ុន កែវ ម៉ា​លី គ្រុប​នោះ​គឺជា​ព័ត៌មាន​ពុំ​ទាន់​ជាក់លាក់ និង​ជា​ផ្លូវការ​នៅឡើយ​ទេ ។

ការ​ចេញ​មក​បញ្ជាក់​របស់​ក្រុមហ៊ុន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​លក់​ឡាយឡុង​អចល​ទ្រព្យ​របស់​លោកស្រី កែវ ម៉ា​លី និង​លោកស្រី កែវ ស៊ុ​យ​ឆេ​ង ក្នុង​តម្លៃ​ជាង​៧​លាន ២​សែន​ដុល្លារ ។

ក្នុង​សេចក្តី​បំភ្លឺ ក្រុមហ៊ុន​បាន​បញ្ជាក់​មូលហេតុ​ចំនួន០៣​ថា ទី​១ ក្រុមហ៊ុន កែវ ម៉ា​លី គ្រុប ធ្វើការ​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ និង​ដីការ​សម្រេច​លក់​ឡាយឡុង​រួច​ហើយ​។ ដូច្នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អាច​បន្ត​និ​តិ​វិធី​ដេញថ្លៃ​ទៀត​បាន​ទេ និង​រង់ចាំ​ការ​សម្រេច​របស់​សាលា​ឧទ្ទ​រណ៍​សិន​។

ទី​២ ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន ដែល​បាន​ដាក់បញ្ចាំ​នៅ​ធនាគារ មាន​តម្លៃ​ខ្ពស់​ជាង​២០​លាន​ដុល្លារ​ឯណោះ មិនមែន​មាន​តម្លៃ​ទាប​រហូត​ដល់​ជាង​៧​លាន​ដុល្លារ ដូច​ការ​រៀបចំ​សម្ងាត់​ទុកដាក់​ដេញថ្លៃ​របស់​ធនាគារ​នោះ​ទេ ។

និង​ទី​៣ ក្រុមហ៊ុន បាន​សង​ធនាគារ សរុប​ទាំងអស់​បាន​ជាង​៥,៨០០,០០០​ដុល្លារ​រួច​ហើយ ។ លុយ​នៅ​សេសសល់​មាន​ត្រឹម​ជាង ២​លាន​ដុល្លារ​ប៉ុណ្ណោះ រួម​ទាំង​ការ​ប្រាក់​នៅ​សល់​ក្នុង​នោះ​ស្រាប់ ។ បច្ចុប្បន្ន​ក្រុមហ៊ុន បាន​ធានា និង​រក​ថវិកា ដែល​នៅ​សេសសល់​យក​មក​សង​ជា​បន្តបន្ទាប់ ទៅ​ឱ្យ​ខាង​ធនាគារ​ឱ្យ​បាន​ឆាប់​ៗ​ខាង​មុខ​នេះ ។

ក្រុមហ៊ុន​របស់​លោកស្រី កែវ ម៉ា​លី បាន​ចាត់​ទុក​ការ​ទម្លាយ​ព័ត៌មាន​ពាក់ព័ន្ធ​ការ​លក់​ឡាយឡុង​ពី​ខាង​ធនាគារ ដែល​ពុំ​ទាន់​ជាក់លាក់​ទាំង​អស់នេះ វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ របស់​លោកស្រី កែវ ម៉ា​លី ប្រធាន​ក្រុមហ៊ុន​យ៉ាងធ្ងន់ធ្ងរ ក៏​ដូច​ជា​ការ​បំបាក់ស្មារតី ដើម្បី​លេប​យក​ដី និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ទាំង​២៦​ប័ណ្ណ ពី​តម្លៃ​ខ្ពស់​ជាង ២០​លាន​ដុល្លា មក​ត្រឹម​ទាប​ជាង ៧​លាន​ដុល្លា​ប៉ុណ្ណោះ ។

សូមរម្លឹកថា បើ​យោង​តាមសេចក្តីសម្រេច ធ្វើ​ឡើងកាលពី ថ្ងៃ​ទី០១ ខែសីហា ឆ្នាំ ២០១៩ របស់​លោក ឡា កូយ ក្រឡាបញ្ជី​តុលាការ​អនុវត្ត នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ ខាង​មុខ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស ជា​សាធារណៈ​អំពី​ការ​លក់​ឡាយឡុង​ដោយ​ស្រោមសំបុត្រ ទៅ​លើ​អចលវត្ថុ​របស់​ក្រុមហ៊ុន លេ​ន​ប្រ​ធី​ធី អិ​ល​ធី​ឌី ដែល​ជា​កម្ម​សិទ្ធ​ករ​របស់ លោក​ជំទាវ កែវ ម៉ា​លី និង​លោកស្រី កែវ ស៊ុ​យ​ឆេ​ង ចំពោះ​ដី និង​អាគារ ចំនួន​២៦​កន្លែង ក្នុង​តម្លៃ​លក់​អប្បបរមា​(​យ៉ាងតិច​បំផុត​) ចំនួន៧,២៤២,៨៥៤.២០​ដុល្លារ ។

អចលនទ្រព្យ​ដែល​ត្រូវ​បាន​តុលាការ​ប្រកាស​ដាក់​លក់​ឡាយឡុង​នោះ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​១ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ទីកន្លែង​លក់​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ចំពោះ​ការ​ទទួល​ពាក្យ​ដេញថ្លៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​០១ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ ។

យ៉ាងណាក្នុងសេចក្តី​បំភ្លឺ​របស់ក្រុមហ៊ុន​របស់​លោកស្រី កែវ ម៉ា​លី មិនបានបញ្ជាក់ឈ្មោះធនាគារទេ ប៉ុន្តែបើតាមប្រភព​ព័ត៌មានក្នុងស្រុក​បានចុះផ្សាយ​ថា ការ​ដែល​តុលាការ​សម្រេច​លក់​ឡាយឡុង​អចលនវត្ថុ​របស់​ក្រុមហ៊ុន លោក​ជំទាវ កែវ ម៉ា​លី និង​លោកស្រី កែវ ស៊ុ​យ​ឆេ​ង គឺ​ដើម្បី​យក​ប្រាក់​ទៅ​សង​ដើមបណ្តឹង ដែល​ជា​តំណាង​ឲ្យធនាគារវៀតណាម វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា (BIDC) ៕

ដីនិងអគារ២៦កន្លែងរបស់ជំទាវ កែវ ម៉ាលី និងលោកស្រីកែវ ស៊ុយឆេង ត្រូវតុលាការរឹបអូស ប្រកាសលក់ឡាយឡុង