ខេត្តកណ្តាល ៖ បុរសម្នាក់ ត្បិតតែខ្លួនមានអាយុច្រើនក្តី តែចិត្តគំនិតវិញមិនសុខពីក្មេងស្ទាវទេ ដោយចូលចិត្តប្រើអំពើហិង្សាវាយធ្វើបាបប្រពន្ធកូន ហើយត្រូវជាប់ពន្ធនាគារម្តងរួចមកហើយ តែពេលចេញមកវិញ មិនព្រមកែប្រែចិត្តគំនិតទេ ដោយបានវាយដំទាត់ធាក់ស្រ្តីជាប្រពន្ធយ៉ាងចាស់ដៃ ហើយត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ករណីអំពើហិង្សានៅក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង១៤ និង១០ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល។
បុរសដៃដល់ដែលវាយប្រពន្ធត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន មានឈ្មោះអោម ម៉ន ភេទ ប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិ-ឃុំ-កើតហេតុ។ ដកហូត កាំបិតចុងស្រួច១ និងមែកស្វាយ១ ។ ចំណែក ស្រ្តីរងគ្រោះជាប្រពន្ធ មានឈ្មោះ យ៉ែម អាង អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (របួសកំភួនជើងទាំងសងខាង និងកដៃឆ្វេង) ។


នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កន្លងមក ជនសង្ស័យជាប្តីធ្លាប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការជាប់ពន្ធនាគាររយៈ ពេល០១ឆ្នាំ ។ នៅថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាឡើងស្រវឹងដាប ហើយស្រ្តីរងគ្រោះជាប្រពន្ធបានយកធុងបាស់ទៅចាក់ស្តាប់នៅកន្លែងធ្វើការក្នុងឡឥដ្ឋ តែជនសង្ស័យមិនឲ្យយកទៅក៏មានទំនាស់ពាក្យសម្តីជាមួយគ្នា ដោយជនសង្ស័យបានជេរប្រមាថចោទប្រពន្ធថា មានសហាយ ។ ពេលនោះជនសង្ស័យបានយកម៉ាយក្រូហ្វូនធុងបាស់វាយស្រ្តីជាប្រពន្ធត្រូវក្បាល និងកដៃឆ្វេងរងរបួសស្នាម បន្ទាប់មកយកមែកស្វាយវាយជើងថែមទៀត រួចស្ទុះទៅយកកាំបិតចុងស្រួចមកអារ.កស្រ្តីរងគ្រោះបណ្តាលឲ្យរលាត់ ស្បែក.ក ។
ក្រោយកើតហេតុ ស្រី្តរងគ្រោះបានរត់ទៅផ្ទះម្តាយ ដើម្បីគេចខ្លួនសិន លុះដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ ទើបស្រ្តីរង គ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែក អំពិល ជួយអន្តរាគមន៍ ។ ពេលនោះ កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕