ភ្នំពេញ៖ តារាកំប្លែង នាយ តាក់ស៊ី បានសម្រេចចិត្ដបោះបង់ប្រពន្ធកូនប្រុស និងផ្ទះសម្បែងឡាន និងទ្រព្យសម្បតិ្តទាំងអស់ឲ្យនាងនាងភីម ជាប្រពន្ធទាំងអស់ ដោយខ្លួនមានចិត្តជ្រះថ្លាជាមួយពុទ្ធសាសនា សុខចិត្តទៅបួសជាព្រះសង្ឃ នៅឯវត្ដដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។

ក្រោយពីបួសមិនបានប៉ុន្មានខែផង ស្រាប់តែជំងឺទឹកនោមផ្អែមរបស់ព្រះតេជគុណតាក់ស៊ី ធ្វើទុក្ខខ្លាំងរហូតដេកដួលនៅលើគ្រែ ត្រូវការព្យាបាលជាបន្ទាន់ ទើបក្រុមគ្រួសារ ព្រមទាំងសាមីខ្លួនសម្រេចិត្តលាចាកសិក្ខាបទវិញ កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ និងត្រូវចូលសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យព្រះកុសុមៈ ក្នុងថ្ងៃតែមួយនោះដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺអន្ទិតតាក់ស៊ី មិនអាចទៅរួមរស់ជាមួយនឹងប្រពន្ធកូនវិញនៅផ្ទះបានដូចមុនឡើយ ដោយសារតែនាងភីម មិនព្រមទទួលអន្ទិតតាក់ស៊ី ធ្វើជាប្តីវិញ។
នាងភីម បានបញ្ជាក់ ថា មូលហេតុដែលនាងមិនអាចទទួលយកអន្ទិតតាក់ស៊ី ធ្វើជាស្វាមីវិញបាននោះ គឺដោយសារតែរូបនាង និងនាយតាក់ស៊ី បានលែងលះគ្នាតាមច្បាប់រួចរាល់ហើយ មុនពេលនាយតាក់ស៊ី ទៅបួស។

មុនពេលអតីតស្វាមីទៅបួស នាងក៏បានអង្វរស្វាមីដែរ ថាឲ្យទៅបួសមួយរយៈបានហើយ ប៉ុន្តែនាយ តាក់ស៊ី នៅតែចង់លែងលះ ហើយថាទៅបួសមួយជីវិត ហើយរវាងអ្នកនាង និង នាយតាក់ស៊ីបានលែងលះគ្នាហើយ ដោយបានផ្ដិតមេដៃ ព្រមទាំងមានគ្រួសារ និងមន្ត្រីអាជ្ញាធរដឹងឮនោះផង។ យ៉ាងណាមិញអ្នកនាងថា ហេតុផលផ្ដិតមេដៃលែងគ្នាមិនមែនជាមូលហេតុ ធ្វើអោយអ្នកនាង ឈប់ទទួលយកនាយតាក់ស៊ី តែកាលពីរួមរស់ជាមួយគ្នា នាយតាក់ស៊ី ធ្វើឲ្យអ្នកនាង និងកូនប្រុសពិបាកផ្លូវចិត្តច្រើនសណ្ឋាន ជាពិសេសក្នុងពេលដែលលោកមានសតិអារម្មណ៍បន្តិចបន្តួច គឺចង់តែរត់ចោលប្រពន្ធកូន ធ្វើអោយអ្នកនាងមានអារម្មណ៍ខ្វះភាពកក់ក្ដៅ។

ជាក់ស្ដែង មុនពេលទៅបួសលើកចុងក្រោយ លោកនាយតាក់ស៊ី រត់ចោលផ្ទះសម្បែង ដោយឲ្យអ្នកនាង និងកូនទៅតាមរក និងអង្វរទម្រាំព្រមត្រឡប់មកផ្ទះម្ដងជាពីរដងមកហើយ។ អ្នកនាងថាមានបញ្ហាជាច្រើនទៀត ដែលអ្នកនាងព្រលយថា ពិបាកនិយាយ។
នាងភីម បញ្ជាក់យ៉ាងច្បាស់ថា នាងបានតាំងចិត្តហើយ គឺមិនទទួលយកនាយតាក់ស៊ី ធ្វើជាស្វាមីវិញទេ ប៉ុន្តែនៅរាប់អានគ្នា ដោយឡើងចុះទៅមើលអតីតស្វាមី និងឲ្យចេញ-ចូលផ្ទះដូចបងប្រុសម្ដងម្កាលបានផងដែរ៕