ភ្នំពេញ៖ ជនសង្ស័យម្នាក់ ផ្លោះរបងផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ ត្រូវបានប្រជាពលរដ្ឋសហការគ្នាឃាត់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរបែកក្អម កាលពីវេលាម៉ោង ២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៨A ផ្លូវលេខ២០០២ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ឯក ច្រូច ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ក្បែរកន្លែងកើតហេតុ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានផ្លោះរបងផ្ទះប្រជាពលរដ្ឋ បំណងលួចទ្រព្យសម្បត្តិក្នុងផ្ទះ តែមិនបានសម្រេច ក៏ត្រូវបានប្រជាពលរដ្ឋសហការគ្នាឃាត់ខ្លួនបានតែម្ដង រួចរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យនាំខ្លួនជនសង្ស័យយកទៅប៉ុស្ដិ៍រដ្ឋបាលអូរបែកក្អម ដើម្បីសួរនាំបន្ថែម និងធ្វើតេស្តទឹកនោម ឃើញមានសារធាតុញៀន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕