ខេត្តកណ្ដាល៖ ជនជាតិចិន ជាមេការសំណង់ម្នាក់ ត្រូវកម្មករសំណង់ស្នាក់នៅការដ្ឋានជាមួយគ្នា ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ស្នាក់នៅការដ្ឋានសំណង់ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ។

ជនរងគ្រោះឈ្មោះ ជូ យ៉ាវលីន (ZHU YAOLIN ) ភេទប្រុស កើតថ្ងៃទី១៨ ខែ១១ ឆ្នាំ១៩៦៦ ជនជាតិចិន មុខរបរ មេការសំណង់ចិន មានកាន់លិខិតឆ្លងដែន លេខ ED6230664 ចុះថ្ងៃទី16 .08 .2018 មានស្រុកកំណើតនៅខេត្តជាំងស៊ូ ប្រទេសចិន ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិឃុំខាងលើ ។


តាមការបំភ្លឺរបស់ឈ្មោះ វ័ង ជុនគឺ ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិចិន មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា បានប្រាប់សមត្ថកិច្ចថាៈ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១៩ ជនរងគ្រោះមានសភាពស្រវឹងស្រា និងអាការៈមិនស្រួលខ្លួន ងងឹតមុខ ហើយឈប់ម៉ូតូដួល ដោយឃើញសភាពបែបនោះ រូបគាត់ក៏នាំជនរងគ្រោះ ទៅមន្ទីពេទ្យឯកជនចិនមួយកន្លែង នៅភូមិជ្រៃធំ ឃុំសំពៅពូន ដើម្បីព្យាបាល ។បន្ទាប់ពីព្យាបាលសុខភាពបានស្រួលបួលវិញហើយ រូបគាត់ ក៍នាំជនរងគ្រោះយកមកបន្ទប់ស្នាក់នៅរបស់ខ្លួនវិញ ដោយសំរាកជាមួយគ្នា រហូតទល់ភ្លឺ រូបគាត់បានភ្ញាក់ពីដេកវិញ ក៏ទៅដាស់ជនរងគ្រោះ ទើបដឹងថាស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញស្រុក និងកម្លាំងនគរបាលការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត ដោយសហការជាមួយ អាជ្ញាធរមូលដ្ឋាន ,គ្រូពេទ្យផ្នែកជំនាញ និងតំណាងក្រុមហ៊ុនសំណង់ ចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន និងបានដឹកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរងចាំសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕