ភ្នំពេញ៖ ទារិកាអាយុ២ខែ ត្រូវបានម្តាយយកទៅផ្ញើគេឲ្យជួយមើលមួយភ្លែតស្រាប់តែទៅបាត់រហូតត្រូវបាន អ្នកឃើញហេតុការណ៍យកទៅជួយមើលថែ២ថ្ងៃមកហើយ មិនឃើញម្តាយត្រឡប់មកវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៣០ នៅចំណុចឌឿងហែមរោងកុនហែមជាតិ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីក្បែរកន្លែងកើតហេតុបានឲ្យដឹងថា រយៈពេល២ថ្ងៃមកហើយ មានស្រ្តីម្នាក់បានយកទារិកាអាយុ២ខែមកផ្ញើឲ្យជួយមើលភ្លែត ស្រាប់តែទៅបាត់រហូតមិនឃើញត្រឡប់មកវិញសោះ ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាយកទៅមើលថែ និងរ៉ៃលុយគ្នាបន្តិចម្នាក់ យកទៅទិញទឹកដោះគោយកមកឲ្យផឹក រហូតមកដល់យប់កើតហេតុនេះ គឺទារិកាខាងលើមានសភាពហើមពោះ ដោយសារតែបៅទឹកដោះគោខុស ឬក៏មានបញ្ហាអីមិនដឹង ត្រូវបានប្រជាពលរដ្ឋមានការភ័យស្លន់ស្លោ ផ្អើលទៅដល់អ៊ុំប្រុសម្នាក់ ដែលរស់នៅក្បែរនោះដែរ បានទទួលយកទៅចិញ្ចឹម ។

អ៊ុំប្រុសដែលទទួលទារិកាខាងលើយកទៅចិញ្ចឹមមានឈ្មោះ គួច ចុងស៊ីញ អាយុ៥៨ឆ្នាំ 
ស្នាក់នៅផ្លូវ១១៨កែងផ្លូវ១៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានឲ្យដឹងថាគាត់បានសុំ ទារិកាខាងលើពីប្រជាពលរដ្ឋយកទៅចិញ្ចឹម និងបានយកទៅប៉ុស្តិ៍នគរបាលផ្សារចាស់ឲ្យជួយដឹងឮ រួចហើយបានបញ្ជូនទារិកាទៅមន្ទីរពេទ្យគន្ធបុប្ផាទី៤ដើម្បីព្យាបាល ។ 

ប្រភពព័ត៌មនបានបន្តទៀតថា ម្តាយទារិកាខាងលើនេះបានយកប្តីជនជាតិបរទេសមិនដឹងថាគាត់ខឹង ឬមួយខូចចិត្តរឿងអីទេ បានជាសម្រេចចិត្តយកកូនទៅបោះបង់ចោលបែបនេះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ផ្សារចាស់ព្រមដឹងលឺឲ្យអ៊ុំប្រុសខាងលើយកទៅចិញ្ចឹម និងយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធាបុប្ជា ៕