ខេត្តសៀមរាប ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស នៅ​កន្លែង​បញ្ចូល​ហ្គា​ស​រថយន្ត​២៤​ម៉ោង LPG នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ខណៈ​កំពុង​បញ្ចូល​ហ្គា​ស​ចេញពី​រថយន្ត​១​គ្រឿង បណ្តាល​ឲ្យ​មាន​អ្នក​របួសធ្ងន់​ស្រាល​ផង​ដែរ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​១៥​នាទី រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មាន​ស្ត្រី​បរទេស​ចំនួន​២​នាក់ ត្រូវ​បាន​រង​របួស ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ស្រាប់​ៗ​មក​ដល់​កន្លែង​កើតហេតុ​នោះ ក៏​ផ្ទុះ​ឡើង បង្ក​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ដល់​ពួក​គាត់​តែ​ម្តង ។ ដោយឡែក បុគ្គលិក​លក់ និង​តៃកុង​ឡាន​ពុំ​មាន​រង​របួស​ឡើយ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ថា មុន​ដំបូង​មាន​រថយន្ត​១​គ្រឿង បាន​ចូល​ទៅ​ដាក់​ហ្គា​ស​នៅ​ទីនោះ ស្រាប់តែ​មួយសន្ទុះ ក៏​ឮ​សូរ​ផ្ទុះ និង​បង្ក​ជា​អណ្តាតភ្លើង​ឡើង បណ្តាល​ឲ្យ​ផ្ទះ​អ្នក​ជិតខាង រង​ការ​ខូចខាត បែក​កញ្ចក់​ខ្ទេច​នៅ​ក្នុងផ្ទះ ភ្លាម​ៗ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ទាញ​ទី​យោ​បាញ់​ទឹក​ដែរ ប៉ុន្តែ​ដោយសារ​សន្ទុះ​នៃ​ហ្គា​ស ធ្វើ​ឲ្យ​វា​ឆាបឆេះ​កាន់តែ​ខ្លាំង ទើប​ពួក​គាត់​នាំ​គ្នា រត់​យក​ឥ​វ៉ា​ន់​រៀង​ៗ​ខ្លួន​ចេញពីផ្ទះ ។

ក្រោយ​កើតហេតុ​បន្តិច គេ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ជា​ច្រើន​គ្រឿង​បាន​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។ ចំណែកឯ​ទំហំ​នៃ​ការ​ខូចខាត​នោះ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ច្បាស់​ពី​អាជ្ញាធរ​នៅឡើយ​នោះ​ទេ​។

យោង​ទៅ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ​ថា ស៊ី​ម ចាន់​ស៊ី បាន​ធ្វើការ​លើក​ឡើងថា ៖ «អាណិត​គាត់​ណាស់​ ត្រូវ​ភ្លើង​ឆេះ​ខ្លួនឯង​ ក្រោយ​ពី​ពន្លត់អគ្គីភ័យ​មួយ​កន្លែង​ នៅ​ផ្លូវ​លោកតា​នើ​យ ​ក្នុង​ក្រុង​សៀមរាប សូម​ជម្រាប​ជូន នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​យើង មេត្តា​ជ្រាប​ថា ​នគរបាល​យើង​ម្នាក់ ឈ្មោះ ហួត មុនីពិសាខ បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ជួយ​អន្តរ​គម​ន៍ បាញ់​ទឹក​ពន្លត់ ករណី​ផ្ទុះ​ធុង​ហ្កា​ស បង្ករ​ជា​អគ្គី​ភ័យ​ឆាបឆេះ នៅ​ម្តុំ​ផ្លូវ​លោកតា​នើ​យ ទល់មុខ​ពេទ្យ​នាគ​ទេព ក្នុង​ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​១៣:៣០​នាទី​ថ្ងៃ​ទី​១៤​ខែសីហា​ឆ្នាំ​២០១៩ នេះ ។ បច្ចុប្បន្ន នគរបាល​យើង​រូប​នេះ កំពុង សំរាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប ។ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​តាម​ថែរក្សា​គាត់ សូម​រួច​ផុត​ពី​គ្រោះថ្នាក់​ផង​ចុះ» ៕