ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា ករីណីផ្ទុះស្ថានីយបញ្ចូលហ្គាសរថយន្តLPG24ម៉ោងមួយកន្លែងនៅកណ្តាលក្រុងសៀមរាប កាលពីម្សិលមិញ បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន១២នាក់រងរបួស ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ផងដែរ និងរាលដាលផ្ទះជិតបន្តិចបន្ទួច។ ចំណែក មូលហេតុនៃអគ្គិភ័យនេះ ផ្តើមដោយការផ្ទេរហ្គាសពីរថយន្តដឹកហ្គាសមកស្តុកក្នុងឃ្លាំងខ្វះការប្រុងប្រយ័ត្ន។

សូបបញ្ជាក់ថា ហេតការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ដើមហេតុនៃអគ្គិភ័យខាងលើនេះ ដោយសារតែរថយន្តដឹកស៊ីទែនដឹកហ្គាស ពេលផ្ទេរចេញពីស៊ីទែនរួចសាទុយោទុក ក៏មានអណ្តាតភ្លើងឆាបចេះតែម្តង។ តែយ៉ាងណា ករណីនេះមិនទាន់អាចសន្និដ្ឋានថាបណ្តាលមកពីអ្វីនៅឡើយទេដោយទី១ អាចបណ្តាលមកពីភ្លើងចង្ក្រានដែលនៅក្បែរនោះ ដោយហេតុថា ចំហាយហ្គាសក្នុងចម្ងាយ២៥ម៉ែត្របួនជ្រុង ក៏អាចបណ្តាលឲ្យឆាបឆេះដែរ ឬអាចមកពីឆ្លងចរន្តអគ្គិសនី។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការងទទួលផែន ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា អគ្គិភ័យនេះបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង ខ្លះៗដែរ។ ពេលនោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តសៀមរាប បានជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលាអស់ជាច្រើនគ្រឿង ទើបអាចគ្រប់គ្រងស្ថានការបានធ្វើឲ្យអគ្គិភ័យរលត់ទាំងស្រុងនៅម៉ោង១៤ និង៣០នាទីថ្ងៃដដែល។


លោកស្នងការរងបញ្ជាក់ថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្ស១២នាក់រងរបួសក្នុងនោះមានមន្ត្រីនគរបាលអន្តរាគមន៍ម្នាក់រងរបួសផងដែរ ត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ឯប្រទេសថៃ ៕