ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ បានបើកម៉ូតូក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកជាមួយនឹងម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យរងរបួសយ៉ាងដំណំ វង្វេងវង្វាន់ស្មារតីមួយសម្ទុះធំ ស្រាប់តែពេលនោះ មានជនឆ្លៀតឱកាស២នាក់ប្តីប្រពន្ធបន្លំធ្វើការជាសាច់ញាតិនារីរងគ្រោះ ហើយធ្វើជាជូននាងទៅមន្ទីរពេទ្យ តែដឹងអី ! ពេលមានឱកាសល្អ ក៏យកទូរស័ព្ទ iPhone របស់នារីរងគ្រោះ រួចគេចខ្លួនបាត់ស្រមោល។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត១១យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ លើផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះបើកម៉ូតូ១គ្រឿង Scoopy ពុំមានស្លាកលេខ ក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព លុះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូវីវ៉ា ពាក់ស្លាកលេខ ភ្នំពេញ 1O-5247 បើកដោយបុរសជនជាតិវៀតណាមម្នាក់ ធ្វើឲ្យដួលទាំងពីរគ្រឿង ហើយនារីរងគ្រោះបានរងរបួសយ៉ាងដំណំ។ ពេលនោះ មានអ្នកដំណើរ២នាក់ប្ដីប្រពន្ធ ជិះម៉ូតូ TODAY ពាក់ស្លាកលេ ខភ្នំពេញ 1I-6475 បានអះអាងថា ខ្លួនជាសាច់ញាតិរបស់នារីរងគ្រោះ ហើយ បានហៅកង់បីឥណ្ឌា មកជួយដឹកនាងទៅគ្លីនិកចាក់អង្រែ ដែលមានចម្ងាយពីកន្លែងកើតហេតុ ៥០០ម៉ែត្រប៉ុណ្ណោះ លុះមានឱកាសល្អ ប្តីប្រពន្ធជើងល្អនោះ បានយកទូរស័ព្ទនារីរងគ្រោះ គេចខ្លួនបាត់ទៅ។


ប្រភពបន្តថា ពេលទៅដល់ឃ្លីនិកនោះ ក្រុមគ្រូពេទ្យមិនហ៊ានទទួលទេ ទើបនារីរងគ្រោះដឹងស្មារតីឡើង និយាយប្រាប់ឲ្យកង់បីឥណ្ឌាដឹកនាងទៅផ្ទះ នៅមុខមណ្ឌលសុខភាពចាក់អង្រែ ពេលទៅដល់ប្រាប់ក្រុមគ្រួសារនារីរងគ្រោះ ឲ្យម៉ូតូកង់បីឥណ្ឌានាងទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត។


ក្រោយកើតហេតុ កម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះមកដល់ហើយបានឆែកមើល ក្នុងម៉ូតូ Scoopy មានមួកសុវត្ថិភាព១ , និងកាបូបមួយ មានលុយដុលា្លរ២០ដុល្លារ និងលុយខ្មែរជាង៥ម៉ឺនរៀល ជារបស់នារីរងគ្រោះ។

បន្ទាប់មក សមត្ថកិច្ចធ្វើកាវាស់វែង និងយកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕