ខេត្តកំពត៖ សមាជិកក្រុមប្រឹក្សាក្នុងស្រុកឈូកម្នាក់ និងសមាជិកក្រុមប្រឹក្សាឃុំតាកែនម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពត ធ្វើការឃាត់ខ្លួន នៅចំណុចផ្ទះរបស់ជនសង្ស័យទាំង២នាក់នេះតែម្តង ពីបទក្លែងបន្លំឯកសារប្លង់ដីរបស់ពលរដ្ឋ នៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។

សមត្ថកិច្ចនគរបាលខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលបានចាប់ខ្លួនេះ ទី១-ឈ្មោះហង់ ប៊ូញ ភេទប្រុស កើតឆ្នាំ១៩៧២ រស់នៅនៅភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជាសមាជិកក្រុមប្រឹក្សាស្រុកឈូក ខេត្តកំពត ចាប់ខ្លួនពីបទក្លែងលិខិតសាធារណៈ ដែលបានប្រព្រឹត្តនៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ជនសង្ស័យនេះ បានប្រើវិធី បានបង្ខំ អ្នកកាន់តា្រ និងមេឃុំតាកែន ស្រុកឈូក ឲ្យលុបកែទីតាំងដី ពីភូមិកោះស្លា ឃុំត្រពាំងភ្លាំង មកជាភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក និងចុះហត្ថលេខាត្រួតលើលិខិតរបស់មេឃុំត្រពាំងភ្លាំង ដែលបានចុះហត្ថលេខារួចហើយ។


ចំណែកជនសង្ស័យ ទី២-ឈ្មោះឃុត វ៉ាន ភេទប្រុស កើតឆ្នាំ១៩៧៣ រស់នៅភូមិជ័យតាស្វាយ ឃុំតាកែន ស្រុកឈូក ជាសមាជិកក្រុមប្រឹក្សាឃុំតាកែន ស្រុកឈូក ពីបទក្លែងលិខិតសាធារណៈ ដោយបានលុបកែទីតាំងដី ពីភូមិកោះស្លា ឃុំត្រពាំងភ្លាំង មកជាភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក រួចបោះត្រា និងឱ្យមេឃុំតាកែន ចុះហត្ថលេខាត្រួតលើលិខិតរបស់មេឃុំត្រពាំងភ្លាំង ដែលបានចុះហត្ថលេខារួចហើយ។


សមត្ថកិច្ចបញ្ជាក់ថា ការក្លែងបន្លំឯកសារនេះ នាំឱ្យប៉ះពាល់ដីស្របច្បាប់របស់ឈ្មោះ ទ្រួន អេង ម្ចាស់ប្លង់រឹង នៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ក្រោយចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវសមត្ថកិច្ចនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕