ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន២នាក់ដែលយកឈ្មោះលោក យឹម លាង ដើរឆបោកប្រាក់ពីពលរដ្ឋរត់ការឱ្យចូលក្របខណ្ឌមន្រ្តីយោធា ទៅកាន់តុលាការហើយ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ម្សិលមិញនេះ ។

សមត្ថកិច្ចឲ្យដឹងថា៖ ជនសង្ស័យទី១ ឈ្មោះថា ប៊ិន ឡាច ហៅ វ៉ែន សារ៉ាត់ ភេទប្រុស អាយុ៥៧ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែសីហា នៅចំណុចភោជនីយដ្ឋានណានជីង ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ចំណែកជនសង្ស័យទី២ ឈ្មោះ តុប គឹមហុង ហៅ យឹម ឈុនហុង ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែសីហា ត្រង់ចំណុចទល់មុខភោជនីយដ្ឋានព្រឹកថ្មីល្ងាចស្រស់ ផ្លូវ១១៥កែង២៧៤ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើល្បិចកុហកជនរងគ្រោះថា ខ្លួនជាបងប្អូនជីដូនមួយរបស់លោក យឹម លាង ព្រមទាំងកុហកជនរងគ្រោះទៀតថា នៅពេលឆាប់ៗខាងមុខនេះ លោក យឹម លាង នឹងទៅកាន់តំណែងជាអគ្គនាយកដ្ឋានវិស្វកម្ម ហើយបង្កើតនាយកដ្ឋានថ្មី ចំនួន៦ ត្រូវការជ្រើសបុគ្គលិកចំនួន៣០០នាក់ ហើយគេអាចរត់ការបញ្ចូលក្នុងក្របខណ្ឌមន្រ្តីយោធានៅនាយកដ្ឋានថ្មីនោះបាន តែត្រូវចំណាយប្រាក់ទៅតាមឋានន្តរសក្តិ ក្នុងនោះថ្នាក់វរសេនីយ៍ តម្លៃ ៥៥០០ដុល្លារ ទៅ ៦០០០ដុល្លារ, ថ្នាក់អនុសេនីយ៍ឯក តម្លៃ ៤៥០០ដុល្លារ ទៅ៥០០០ដុល្លារ , ថ្នាក់អនុសេនីយ៍ទោ តម្លៃ ៣៥០០ដុល្លារ ទៅ ៤០០០ដុល្លារ, ថ្នាក់អនុសេនីយ៍ត្រី តម្លៃ ២០០០ដុល្លារ ទៅ ២៥០០ដុល្លារ និង ថ្នាក់ពលទាហាន តម្លៃ ៧០០ដុល្លារ ទៅ ១០០០ដុល្លារ ។

ជនសង្ស័យទាំង២នាក់នេះបានដើរឆបោកប្រាក់ពីជងរងគ្រោះសរុបប្រមាណ ១០០នាក់មកហើយ តែពុំមានជនរងគ្រោះណាម្នាក់បានចូលក្របខណ្ឌមន្រ្តីយោធានោះទេ ។
ក្រោយធ្លាយព័ត៌មាននេះទៅដល់លោក យឹម លាង លោកបានដាក់ពាក្យប្តឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង ៕