ខេត្តកណ្តាល៖ ជនសង្ស័យមួយក្រុមបានផ្លោះរបង ចូលទៅលួចទ្រព្យសម្បត្តិ រួមមានខ្សែក ទូរស័ព្ទ និងលុយមួយចំនួនរបស់មន្ត្រីនគរបាលជាតិជាសិក្ខាកាមនៅសាលាបណ្ឌិតសភានគរបាលកម្ពុជា រួចគេចខ្លួនបាត់តែប៉ុន្មានម៉ោងប៉ុណ្ណោះ ត្រូវកម្លាំងអធិការនគរបាលស្រុកកៀនស្វាយ និងកម្លាំងប៉ុស្តិ៍ដីឥដ្ឋ សហការគ្នាចាប់ខ្លួនបាន៤នាក់ (ម្នាក់រត់គេចខ្លួនបាត់) កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។


ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះរួមមាន ៖
១៖ ឈ្មោះ រឿន ភណ្ឌ ហៅត្នោត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនប្រាកដ ជាមុខសញ្ញធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល៦ខែ ជាអ្នកធ្វើសកម្មភាពលួច។
២៖ ឈ្មោះ រឿន ចន្ធូ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។
៣៖ ឈ្មោះ គិន រីណា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ។
៤៖ ឈ្មោះ ប៊ុន រត្ន័ ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកសមគំនិត។
៥៖ ឈ្មោះ គាំ ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ កំពុងរត់គេចខ្លួន អ្នកទាំងរស់នៅក្នុងភូមិ ឃុំកើតហេតុ។


ចំណែកជនរងគ្រោះមាន២នាក់រួមមាន៖ ១៖ ឈ្មោះ សួស សារ៉ុត ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និង២៖ ឈ្មោះ តិប រ៉ុម ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ទាំង២នាក់ជាមន្រ្តីនគរបាល មកស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិឃុំកើតហេតុ ដើម្បីសិក្សារៀនសូត្រ ក្នុងនាមជាសិក្ខាកាមសាលាបណ្ឌិតសភានគរបាលកម្ពុជា។
នៅយប់កើតហេតុ ជនរងគ្រោះដេកលង់លក់ នៅក្នុងបន្ទប់ផ្ទះជួលខាងលើរៀងៗខ្លួន ជនសង្ស័យបានផ្លោះរបង ចូលទៅលួចទ្រព្យសម្បត្តិមានខ្សែក ទូរស័ព្ទ និងលុយមួយចំនួន រួចគេចខ្លួនបាត់។ លុះភ្ញាក់ពីដំណេក ទើបដឹងថា បាត់បង់ទ្រព្យសម្បត្តិ ជនរងគ្រោះទាំង២នាក់ ក៏នាំគ្នាមកដាក់ពាក្យបណ្តឹង នៅម៉ោង៨ជាង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ។
ក្រោយទទួលពាក្យបណ្តឹង លោកព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ដឹកនាំកម្លាំងនគរបាលស្រុក សហការជាំមួយកម្លាំងប៉ុស្តិ៍ដីឥដ្ឋ ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន៤នាក់ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ដើម្បីសួរនាំ។។ ចំណែកម្នាក់ទៀត កំពុងរត់គេចខ្លួនបាត់។

ក្រុមជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចខាងលើប្រាកដមែន និងត្រូវបានជំនាញនគរបាលស្រុកកៀនស្វាយ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕