ខេត្តកំពង់ស្ពឺ ៖ នារីរូបស្រស់មានចិត្តក្លាហានម្នាក់ ហ៊ានប្រឈមនឹងគ្រោះថ្នាក់ដោយវាយប្រយុទ្ធជាមួយចោរពាក់ស្រោមមុខដូចនិនចារដែលលួចគាស់ផ្ទះនាង រួចហើយបានហៅក្រុមគ្រួសារនាំគ្នាចាប់ខ្លួនជនសង្ស័យបានតែម្តង រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ហេតុការណ៍នេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៤៨នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នារីរូបស្រស់មានចិត្តក្លាហាន ដែលហ៊ានតតាំងរហូតចាប់កំពូលចោរនិនចារឲ្យប៉ូលិសនេះ មានឈ្មោះក្នុងហ្វេសប៊ុកថា Oun Khatrya បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា “សួរថាឈឺទេ ឈឺ សួរថាស្ដាយទេ ស្ដាយណាស់ តែក៏សាកសម ហើយសប្បាយចិត្ត”។
លុះរំលងបានជាង១ម៉ោង នារីរូបស្រស់ដដែលនេះបានបង្ហោះសារអមជាមួយរូបថត និងវីដេអូថា “សូមបងប្អូនប្រុងប្រយ័ត្ន យប់មិញមានចោរគាស់ផ្ទះខ្ញុំ នៅវេលាម៉ោង១២ និង៤៨នាទីយប់ ថ្ងៃទី១២ ឆ្លងចូលថ្ងៃទី១៣ នៅភូមិចំការចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ”។


ក្រោយពេលមានការបង្ហោះវីដេអូនេះរួច ក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ បានចូលComment ថា ” គីម ឯងវ៉ៃម្នាក់ឯងមែនគីម ” ពេលនោះនារីរូបស្រស់នេះបានឆ្លើយតបវិញថា ” មុនគីមម្នាក់ឯង ក្រោយមកបានគូរ យ៉េង មកហើយនឹងកុងមកជួយ”។

សូមបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាចោរកម្មដើរលួចទ្រព្យប្រជាពលរដ្ឋនាពេលកន្លងមក ទើបតែអស់លក្ខណ៍ ក្រោមស្នាដៃនារីរូបស្រស់នេះ មានឈ្មោះភួង ចាន់ថន ហៅចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។


សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យនេះ ជាមុខសញ្ញាចោរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម និងធ្លាប់ជាប់ពន្ឋនាគារខេត្តត្បូងឃ្មុំចំនួន២លើក មកហើយ ពីបទលួចដូច ប៉ុន្តែជននេះ មិនព្រមកែខ្លួនទេ ដោយបន្តដើរលួចទ្រព្យសម្បត្តិគេឯងដដែល ហើយក៏ត្រូវជនរងគ្រោះជាម្ចាស់ផ្ទះ ធ្វើការចាប់ខ្លួនបានតែម្តង ព្រមទាំងដកហូតទួរណឺវីស ដងវែងចំនួន១, ទូរស័ព្ទអិនចុចពិលចំនួន១, ស្រោមបិទមុខចំនួន១។

ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕