ផ្កាសិរមាន់​ ជាប្រភេទផ្កាដែលមានពណ៌ស្រស់ស្អាតច្រើនខុសៗគ្នា ជាផ្កាដែលប្រជាជនខ្មែរនិយមដាំ មិនថាដាំនៅតាមផ្ទះ ឬក៏ដាំជាចំការធំៗ ប្រភេទផ្កានេះដែរត្រូវបានគេនិយមយក ទៅថ្វាយព្រះនៅក្នុងថ្ងៃសីល ព្រះសង្ឃនៅតាមទីវត្តអារាមនាៗ។

ដូចនេះដើម្បីជាគន្លិះដល់បងប្អូនណា ដែលមានបំណងក្នុងការដាំផ្កាសិរមាន់​ យើងនិងណែនាំពីវិធីសាស្រ្ដខ្លះៗ ថាតើត្រូវដាំវាដូចម្ដេចឲ្យទទួលបានទិន្នផលល្អ និងទាន់រដូវការនៃការប្រើប្រាស់។

/.បច្ចេកទេសដាំដុះ

ផ្កាសិរមាន់ អាចដាំដោយគ្រាប់ផ្ទាល់ ឬបណ្ដុះកូនមុននឹងយកទៅដាំ។ គ្រាប់ដែលសាប ត្រូវរក្សាឲ្យមានសំណើមនិងកម្ដៅដីដើម្បីអាចដុះបាន។ គ្រាប់ផ្កាសិរមាន់អាចដុះបានបន្ទាប់ពីសាបបាន10 ទៅ 15 ថ្ងៃ។

/.ចន្លោះគុម្ព
ចន្លោះគុម្ព 45 សង់ទីម៉ែត្រទៅ 60 សង់ទីម៉ែត្រទៅតាមពូជដើមធំឬតូច។ ជម្រៅដីពី 2.5 ទៅ 10សង់ទីម៉ែត្រ នៅក្នុងដីដែលមានសំណើមល្មម។ ជៀសវាងដីស្ងួតពេក នោះនាំឲ្យផ្កាស្វិតស្រពោន ហើយបើសើមខ្លាំងពេក នាំឲ្យកើតជម្ងឺផ្សិត។

/.ការដាក់ជី

គួរដាក់ជីរៀងរាល់​ 4 សប្ដាហ៍ម្ដង។​ ប្រសិនបើការលូតលាស់យឺតត្រូវដាក់ 2 សសប្ដាហ៍ម្ដង។

/.ការកំចាត់សត្វល្អិត

ចំពោះសត្វល្អិតដែលមានលើផ្កាសិរមាន់គឺចៃស ។ យើងអាចកំចាត់ចៃសនេះដោយដាក់ថ្នាំឬដាក់សត្រូវធម្មជាតិរបស់​វាគឺសត្វអណ្ដើកមាស។

/.ការប្រមូលផល

រយៈពេលត្រឹមតែ 90 ថ្ងៃនឹងមានផ្កាស្រស់ស្អាតរីកពេញសួន។អ្នកអាចប្រមូលផលបាននៅពេលឃើញផ្ការីក 50%។

ដើម្បីទទួលបានទិន្នផលខ្ពស់ គេត្រូវក្ដិចត្រួយចំបងវាចេញ ហើយបង្កើតខ្នែងថ្មីជាច្រើនសម្រាប់ចេញផ្កា។

សូមបញ្ជាក់ផងដែរថា ស្លឹកនិងត្រួយអាចចិញ្ច្រាំធ្វើជាចំណីមាន់បាន លើសពីនេះយើងអាចហាលផ្កាវាឲ្យក្រៀមដើម្បីធ្វើជាតែ សម្រាប់ព្យាបាលជម្ងឺព្រូនក្នុងពោះវៀន សម្ពាធឈាម ឈឺមាត់ ចុកទ្រូង ឈឺភ្នែក រាករូស ៕