ភ្នំពេញ៖ យុវជនជាកម្មករផលិតទឹកកកម្នាក់មានជំងឺសសៃប្រសាទ សម្រេចចិត្តចងកសម្លាប់ខ្លួនចោលម្ដាយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្នុងបន្ទប់ជួលលេខ១១ ក្បែររោងចក្រទឹកកក នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ  ។

សពជនរងគ្រោះ ឈ្មោះ ចេន សុវណ្ណិត អាយុ១៨ឆ្នាំ មុខរបរកម្មករផលិតទឹកកក ស្នាក់នៅបន្ទប់ជួល ត្រង់ចំណុចកើតហេតុ មានស្រុកកំណើតនៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

មុនពេលកើតហេតុ ជនរងគ្រោះនៅផ្ទះម្នាក់ឯង ដោយម្ដាយចេញទៅធ្វើការបាត់ ហើយជនរងគ្រោះក៏មានជំងឺសសៃប្រសាទផង មិនដឹងជាតូចចិត្តពីបញ្ហអ្វី បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល ស្ងាត់ៗតែម្នាក់ឯង  ។ លុះក្រោយមក ក៏មានអ្នកជិតខាងដែលរស់នៅក្បែរបន្ទប់ជួល បានឃើញ ក៏មានការភ្ញាក់ផ្អើលនាំគ្នាកាត់ខ្សែចងក ទំលាក់ជនរងគ្រោះចុះក្រោម និងទាក់ទងទៅម្ដាយជនរងគ្រោះ តែអកុសល ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកទីតាំងខាងលើ និងទាក់ទងទៅខាងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ ឲ្យចុះមកពិនិត្យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតមែន និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី  ៕