ភ្នំពេញ ៖ ស្ត្រីអ្នកបោសសម្អាតផ្ទះឲ្យគេម្នាក់ ខណៈចុះពីបន្ទប់ជួលរបស់មិត្តភក្តិនៅជាន់ទី៣ ហើយស្រាប់តែមានជនមិនស្គាល់មុខម្នាក់ធ្វើសកម្មភាព ស្ទុះចាប់នាងផ្ដួល រួចយកកាំបិតមកភ្ជង់បំពង់ក.របស់នាង ប្លន់យកកាបូបនិងទូរស័ព្ទ ហើយរត់គេចខ្លួនបាត់ស្រមោល។ 

  ហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នំា២០១៩ នៅតាមផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ។

ស្ត្រីរងគ្រោះឈ្មោះ នុត ធាវី ហៅខួច មុខរបរអ្នកបោសសម្អាតផ្ទះឲ្យគេ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ។

 ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ និងនារីម្នាក់ទៀតជាមិត្តភក្តិ បានយកសក់ក្លែងក្លាយ យកមកអោយមិត្តភក្តិម្នាក់ទៀត ដែលជួលបន្ទប់នៅជាន់ទី៣ ហើយមួយសន្ទុះ ក្រោយមកនាងក៏ ចុះត្រលប់មកវិញមុនតែម្នាក់ឯង ព្រោះមិត្តភក្តិនាងទាំង២នាក់កំពុងជាប់រវល់ជជែកគ្នា ។លុះពេលចុះមកដល់ជាន់ផ្ទាល់ដី ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ធ្វើសកម្មភាព ស្ទុះចាប់នាងផ្ដួល រួចយកកាំបិតមកភ្ជង់បំពង់ក.របស់នាង ប្លន់យកកាបូបនិងទូរស័ព្ទរបស់នាង រួចរត់គេចខ្លន ទើបនាងស្រែកឆោឡោឲ្យគេជួយ ខណៈនោះមានសមត្ថកិច្ចម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ក៍នាំនាងនិងមិត្តភក្តិរបស់នាង មកស្នាក់ការប៉ុស្តិ៍ ដើម្បីសួរនាំ ។

សមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលទី២ បានដឹកជនរងគ្រោះទៅកន្លែងកើតហេតុ ដើម្បីសាកសួរដំណើររឿងហេតុឲ្យបានដឹងច្បាស់ ក៏នាំត្រលប់មកប៉ុស្តិ៍វិញ ហើយស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី២ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ ៕