ខេត្តបន្ទាយមានជ័យ ៖ ក្រុមគ្រួសារមួយរវល់ធ្វើពិធីឡើងផ្ទះថ្មី ស្រាប់តែក្មេងស្រីអាយុ៥ឆ្នាំ និងក្មេងប្រុសអាយុ៦ឆ្នាំ ២នាក់ជាបងប្អូនជីដូនមួយនឹងគ្នាទៅលេងទឹកបណ្ដាលឲ្យលង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូ ម្ដាយឪពុកស្ដាយស្រណោះយំបោកខ្លួនរហូតដល់សន្លប់។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីឡើងផ្ទះថ្មីមួយ នៅចំណុចក្រោយក្រុមហ៊ុនទឹកស្អាត ប្រហែល៥០០ម៉ែត្រ ក្នុងភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

សពក្មេងស្រីរងគ្រោះឈ្មោះជា ដាវរី អាយុ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់ សុជាតិ ឪពុកឈ្មោះ ដុកធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងសពក្មេងប្រុសរងគ្រោះ ឈ្មោះត្រាំ សាន់ អាយុ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះង៉ាន់ លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសារស្រ្តីឈ្មោះង៉ាន់ សុជាតិ និងប្តីឈ្មោះដុក ធីតា បានធ្វើពិធីឡើងគេហដ្ឋានថ្មីដោយអញ្ជើញភ្ញៀវញាតិមិត្តជិតខាង ពិសេសប្អូនបង្កើតឈ្មោះង៉ាន់ លី និងប្ដីឈ្មោះហេង ត្រា រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ឲ្យចូលរួមកម្មពិធីឡើងផ្ទះថ្មីនោះយ៉ាងច្រើនកុះករ ដោយមិនចាប់អារម្មណ៍ពីកូនបាត់ពីថ្មើរណានោះឡើយ ។

លុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ ម្ចាស់ផ្ទះឈ្មោះង៉ាន់ សុជាតិ និងប្តីឈ្មោះដុក ធីតា បានយកលុយចំណងដៃមករាប់ ស្រាប់តែពេលនោះ បាត់កូនស្រីឈ្មោះជា ដាវរី អាយុ៥ឆ្នាំ និងក្មួយប្រុសឈ្មោះត្រាំ សាន់ អាយុ៦ឆ្នាំ មិនដឹងទៅណា ក៏ឆោឡោឡើង ហើយដើររកពេលដើរទៅដល់ស្រះម៉ៃខូ នៅក្រោយពីផ្ទះប្រហែល១០០ម៉ែត្រ ស្រាប់តែឃើញស្បែកជើងក្មេងទាំង២ ក៏នាំគ្នាចុះរាវរកឃើញសពក្មេងទាំង២ បីយកមកផ្ទះនិងរលាក់ឲ្យចេញទឹក តែយ៉ាងណា ក្មេងទាំង២នាក់នេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល និងអាវុធហត្ថជំនាញចុះពិនិត្យសព រួចបញ្ជាក់ថា គ្មានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ គឺក្មេងទាំង២លង់ទឹកស្លាប់ និងបានប្រគល់សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីធ្វើពិធីឡើងផ្ទះថ្មី បន្តទៀត ៕