ដំណាំសណ្ដែកដី ជាដំណាំដែលកសិករមិនសូវជាចាប់អារម្មណ៏ក្នុងការបង្កបង្កើនផល ដែលដំណាំនេះត្រូវបានគេស្គាល់ថាជាដំណាំមានសារ:ប្រយោជន៏ច្រើនយ៉ាង និងមានជាតិប្រេងខ្ពស់ជាងដំណាំក្នុងអំបូរសណ្តែកផ្សេងៗទៀត ហើយដែលមានរហូតដល់ ៤០-៦០ ភាគរយ។
ក្នុងថ្ងៃនេះយើងនឹងណែនាំនូវវិធីសាស្រ្ដថ្មីមួយគឺការដាំសណ្ដែកដីនៅក្នុងផើង ហើយការដាំនេះដែរមិនមានចំណាយថវិការ រឺក៏ទុនច្រើនអីនោះដែរ ងាយស្រួលថែទាំ ចំណេញទាំងពេលវេលាទៀតផង។ ដូចច្នេះចង់ដឹងការដាំមានបច្ចេកទេសបែបណានោះសូមតាមដាន ដូចខាងក្រោម៖
+ការរៀបចំដាំដុះ
-រកផើងមួយដែលមានទំហំធំល្មម
ដើម្បីបង្កភាពងាយស្រួលឱ្យសណ្តែកដីអាចចុះមើម ថ្លោសល្អ
-គ្រាប់ពូជសណ្តែកដីសម្រាប់បណ្តុះ
យើងគួរជ្រើសរើសតែពូជណាដែលមានមើមថ្លោសល្អ
(អាចរកទិញបាននៅហាងលក់គ្រាប់ធញ្ញជាតិកសិកម្ម
ឬអាចរកពីអ្នកដាំដុះរុក្ខជាតិនេះផ្ទាល់)
-ដីដែលអាចដាំដុះដំណាំនេះបានល្អ
គឺជាប្រភេទដីផុស ធូរ មិនណែន ដីជីកំប៉ុស្ត
*ដីដែលយកទៅដាំ
គួរតែកប់ស្លឹករុក្ខជាតិផ្សេងៗឱ្យរលួយ ដើម្បីងាយស្រួលសណ្តែកដីចាក់ឫស
ដើម្បីឱ្យបានមើមល្អ។
+ការដាំដុះ
-ត្រូវប្រាកដថា ផើងដែលអ្នកនឹងយកមកដាំ
ត្រូវតែស្អាត ដូច្នេះគួរតែលាងសម្អាតវាមុននឹងដាំដុះ
-រៀបចំចាក់ដីចូលក្នុងផើង
ក្នុងកម្រិតពេញល្មម
-ដាក់គ្រាប់ពូជសណ្តែកដីដាំ
ក្នុងជម្រៅ៣ថ្នាំងដៃរួចកប់លុបវិញ
-ស្រោចទឹកក្នុងកម្រិតបរិមាណល្មម
កុំជោគជាំពេក
-រក្សាទុកផើងដំណាំ
នៅទីតាំងមួយដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ (ដំណាំនេះត្រូវការពន្លឺព្រះអាទិត្យជាចាំបាច់)។
+ការថែទាំ
-ដោយសារសណ្តែកដីជាប្រភេទដំណាំធន់នឹងអាកាសធាតុ
វាអាចរស់បានសឹងតែមិនចាំបាច់ស្រោចទឹក
-ក្នុង១អាទិត្យ
យើងស្រោចទឹកតែម្តងទៅពីរដងប៉ុណ្ណោះ
-គួរសម្អាតស្មៅឱ្យបានទៀងទាត់
ព្រោះបើស្មៅដុះលឿនជាងសណ្តែកដី វានឹងបង្អាក់ដល់ការលូតលាស់នៃដំណាំ
-ត្រូវពូនគល់
នៅពេលពូជចាប់ផ្តើមលូតលាស់ប្រមាណកន្លះចំអាម។
+ការប្រមូលផល
-រយៈពេលពី២ ទៅ៣ខែ ឬអាចឈានដល់ ៣ទៅ៤ខែ
យើងអាចប្រមូលផលបានហើយ
-ការប្រមូលផលវាអាស្រ័យលើពូជដែលយើងបានដាំ
ពូជស្រាលឆាប់បានប្រមូលផល ពូជធ្ងន់មានរយៈពេលយូរបន្តិច
តែអាចទទួលផលបានទិន្នផលច្រើនជាង និងមានមើមថ្លោសល្អៗជាង
-ដាំម្តងអាចប្រមូលផលបានតែ១លើកប៉ុណ្ណោះ។
+ការរក្សាពូជ
ត្រូវជ្រើសរើសតែពូជណាដែលមានមើមធំនិងថ្លោសល្អ
-ដើម្បីរក្សាទុកពូជក្រោយៗទៀត យើងត្រូវយកពូជទៅហាលថ្ងៃឱ្យស្ងួតល្អ
មុនយកទៅរក្សាទុក ចៀសវាងរងការបំផ្លាញដោយសត្វល្អិត ដូចជាក្មូតជាដើម។
+ចំណាំ
-សណ្តែកដីអាចដាំបានចាប់ពីខែចែត្រទៅ
និងមានរយៈពេលដាំប្រមាណ ៤ទៅ៥ខែ
-សណ្តែកដីជាប្រភេទរុក្ខជាតិដែលមិនត្រូវការដីមានជាតិសំណើមខ្លាំងពេកទេ
ត្រឹមសើមល្មម និងស្ងួតល្មម ទើបអាចលូតលាស់បានល្អ
-សណ្តែកដីអាចធន់ទ្រាំនឹងកម្តៅបានមិនលើសពី៣៨អង្សាសេឡើយ
បើសីតុណ្ហភាពលើសពីនេះ វាមិនអាចផ្តល់ផលបានល្អឡើយ
និងធ្វើឱ្យយើងបាត់បង់ទិន្នផល ៕