ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវជនមិនស្គាល់មុខ១ក្រុម បើកម៉ូតូដេញតាម ហើយព្រួតគ្នាវាយជនរងគ្រោះ ដោយយកដុំថ្មវាយក្បាលយុវជនខាងលើ បណ្តាលឲ្យបែកក្បាលស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង ២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិ មហាវិថី វិមានឈ្នះ-ឈ្នះ ទល់មុខខ្លោងទ្វារវត្តភ្នៀត ក្នុងភូមិភ្លូផ្អែម ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។


ជនរងគ្រោះស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណទេ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី ឆ្នាំ២០០៩ ឡើងតែមឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-5317។ យុវជនរងគ្រោះ ស្លៀកខោខូវប៊យ ពណ៌ខ្មៅ ពាក់អាវយឺតដៃវែង ពណ៌សឆ្នួត និងមានអាយុប្រមាណជា២០ឆ្នាំតាមសម្តីពលរដ្ឋរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញមានម៉ូតូ ៤ទៅ៥គ្រឿង បានដេញតាមយុវជនខាងលើ តាមបណ្តោយផ្លូវវិមានឈ្នះ-ឈ្នះ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ជនរងគ្រោះ ស្រែកឲ្យជួយផងជួយផង។ ពេលនោះប្រជាពលរដ្ឋ ដែលនៅផ្ទះជិតកន្លែងកើតហេតុ ចេញមកមើលឃើញក្រុមជនដៃដល់បានជិះម៉ូតូត្រឡប់ទៅវិញ ចំណែក ជនរងគ្រោះបានដេកស្លាប់ផ្កាប់មុខ ដោយមានស្នាក់ស្នាម ក្បាលត្រូវនឹងដុំថ្មជាច្រើនកន្លែង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ បានព័ទ្ធខ្សែជុំវិញ រង់ចាំជំនាញមកធ្វើសកលវិច័យ និងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ផ្តល់ដំណឹងទៅក្រុមគ្រួសារមកយកសពយកទៅធ្វើបុណ្យតាមប្រពៃណី។

ជុំវិញនឹងករណីឃាតកម្មលើយុវជនរងគ្រោះនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខជនដៃដល់ និងធ្វើការចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕