ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវនគរបាលស្រុកមុខកំពូលធ្វើការឃាត់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ បន្ទាប់ផឹកស្រាស្រវឹង ខឹងប្រពន្ធយកដែកកេះដុតម៉ូតូ និងជេរប្រមាថម្ដាយក្មេក ធ្វើឲ្យម្ដាយក្មេកទ្រាំលែងបានមកប្ដឹងសមត្ថកិច្ច ជួយអន្តរាគមន៍ចាប់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ នៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ។

មន្រ្ដីនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឈឿន តាប់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រីឯស្រ្ដីរងគ្រោះឈ្មោះង៉ូយ មឿន ភេទស្រី អាយុ៦៤ឆ្នាំ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាកូនប្រសារនិងម៉ែក្មេក មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបាន មានម៉ូតូ១គ្រឿង និងដែកកេះ ចំនួន១ ។


ប្រភពដដែលបន្ដថា កន្លងមក ជនសង្ស័យខាងលើនេះ តែងផឹកស្រាស្រវឹងបង្កររករឿងក្រុមគ្រួសារវាយដំប្រពន្ធខ្លួនឯង បណ្ដាលរងរបួសស្នាម និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុង ដូចជាផ្ទះ ,ចាន ,ឆ្នាំង ,ពាងទឹក ,ធុងទឹកកក និង ,ម៉ូតូបែកខ្ទេចខ្ទីជាញឹកញាប់ ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានទិញស្រាយកមកផឹកម្នាក់ឯង នៅលើគ្រែក្រោមផ្ទះអស់ចំនួនកន្លះលីត្រ ខណៈនោះប្រពន្ធស្ដីបន្ទោសតិចតួច ពីរឿងបិទទ្វារផ្ទះ និងឲ្យម៉ូតូគេខ្ចី ភ្លាមនោះ ជនសង្សយ័ ក៏មានចិត្តខឹង បានទៅយកដែកកេះបង្ហូរសាំងដុតម៉ូតូ បណ្តាលឲ្យឆេះ ខណៈនោះ ប្អូនថ្លៃឃើញទាន់ ក៏ទៅយកទឹកចាក់ពន្លត់ទាន់ពេល តែទោះជាយ៉ាងក៏ជនសង្ស័យនៅតែមិនអស់ចិត្ដ បានឡើងទៅលើផ្ទះ ហើយជេរបញ្ចោប្រពន្ធ និងម្តាយក្មេករហូតដល់ម៉ោង២២យប់ ទើបឈប់។

ប្រភពបន្តថា លុះព្រឹកឡើងវេលាម៉ោង៧ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្រ្តីជាម្ដាយក្មេកទ្រាំពុំបាន ក៏មកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាស ជួយអន្តរាគមន៍។
ក្រោយពីបានទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿង ចាត់ការតាមនីតិធីច្បាប់ ៕