ភ្នំពេញ ៖ បុគ្គលិកសណ្ឋាគារម្នាក់ ខឹងអ្នករត់រ៉ឺម៉កម៉ូតូធ្លាប់ស្គាល់ម្នាក់ និយាយដើមគ្រួសារខ្លួនថា រកស៊ី អត់សល់លុយ ដោយសារតែលេងល្បែង បង្កឲ្យមានជម្លោះមានទាំងបងប្អូនប្រុសស្រីមកព្រួតវាយគាត់បន្ថែមទៀត ទើបបុគ្គលិកសណ្ឋាគារនោះទាញកៅអីវាយទៅវិញ បណ្តាលឲ្យជនរងគ្រោះជាអ្នករត់រ៉ឺម៉កម៉ូតូ រងរបួសបែកមាត់សន្លប់ស្តូកស្ដឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទល់មុខផ្ទះលេខ៨២ ក្រុម១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

បុរសដៃដល់ឈ្មោះ ហុង សាន ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារ ស្នាក់នៅផ្ទះជួល ផ្លូវ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ចំណែកជនរងគ្រោះឈ្មោះ គង់ កៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉ក ស្នាក់នៅផ្ទះលេខ៨២ ក្រុម១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
បុរសដៃដល់ឈ្មោះ ហុង សាន បានឲ្យដឹងថា គាត់និងជនរងគ្រោះសុទ្ធតែជាអ្នកស្គាល់គ្នា ហើយធ្លាប់រស់នៅជាមួយគ្នាទៀតផង មុនពេលកើតហេតុ ជនរងគ្រោះបាននិយាយដើមគ្រួសារគាត់ថារកស៊ី អត់សល់លុយ ដោយសារតែលេងល្បែង ។ លុះពេលឮបែបនេះ គាត់ក៏បានទៅប្រាប់ជនរងគ្រោះថា «កុំចេះដឹងរឿងគ្រួសាររបស់ខ្ញុំ» ស្រាប់តែជនរងគ្រោះ ស្រវឹងបានវាយទៅលើគាត់ មិនតែប៉ុណ្ណោះមានទាំងសាច់ញាតិប្រុសស្រីមកព្រួតវាយគាត់បន្ថែមទៀត ទើបគាត់ការពារខ្លួន ក៏បានទាញកៅអីវាយទៅវិញ បណ្តាលឲ្យជនរងគ្រោះ រងរបួសបែកមាត់សន្លប់ស្តូកស្ដឹងតែម្ដងទៅ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនជនបង្ក យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមច្បាប់ ៕