ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ជាមុខសញ្ញាលួចដោះស្លាកលេខរថយន្តរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៧៨ មុខខ្លោងទ្វារចូលវត្តកោះ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជនសង្ស័យជំនាញខាងលួច ដែលសមត្ថកិច្ចចាប់ដាក់ខ្នោះនេះ ទី១-ឈ្មោះសាត វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។ ទី២-ឈ្មោះ ធឿន ប៊ុនថេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។ ទី៣-ឈ្មោះរ៉ុត ខ្លឹមពិដា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ទី៤-ឈ្មោះឡេង រ៉ាវុធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងទី៥-ឈ្មោះផើម យ៉ាងភូម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅមិនពិតប្រាកដ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត ស្លាកលេខរថយន្ត ភ្នំពេញ 2AE-2757 ចំនួន២បន្ទះ , ឧបករណ៍កូនសោសម្រាប់ដោះស្លាកលេខរថយន្តមួយចំនួន , ម៉ូតូ១គ្រឿងម៉ាក ICON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1U-3625 ។
ជនសង្ស័យទាំង៥នាក់ ត្រូវសមត្ថកិច្ច នាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ រកបក្ខពួកបន្ថែម និងអ្នកទទួលទិញស្លាកលេខរថយន្ត (ទទួលផលចោរកម្ម) ឈានដល់ការចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់៕