ខេត្តរតនគិរី៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ល្បួងក្មេងស្រីជាអនីតិជនអាយុ១០ឆ្នាំ រំលោភសេពសន្ថវៈរហូតបានសម្រេច ឪពុកក្មេងស្រីរងគ្រោះមកទាន់ បែកការណ៍ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត តែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង២នាទី ថ្ងៃចន្ច ១១កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ចំណុចលើផ្ទះជនរងគ្រោះស្ថិតនៅភូមិឡាំប៉ាត់ ឃុំហាត់ប៉ក ស្រុកវើនសៃ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ផាត ផង់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិកររស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១០ ឆ្នាំ ។

ជនរងគ្រោះ និងជនសង្ស័យរស់នៅផ្ទះជាមួយគ្នា តែឪពុកម្តាយក្មេងស្រីរងគ្រោះទៅស្នាក់នៅធ្វើស្រែនៅឆ្ងាយពីផ្ទះ នៅជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង ។ លុះដល់វេលាខាងលើ ឪពុកក្មេងស្រីរងគ្រោះមកលេងផ្ទះ ក៏ឃើញស្បែកជើងជនសង្ស័យ និងក្មេងស្រីរងគ្រោះនៅមាត់ទ្វារ គាត់ក៏ស្រែកហៅកូន ពេលនោះ ស្រាប់ជនសង្ស័យស្ទុះរត់ចេញក្នុងផ្ទះ ដោយមានការសង្ស័យ ឪពុកក្មេងស្រីរងគ្រោះក៏ជជីកសួរ ក្មេងស្រីរងគ្រោះក៍និយាយការពិតតែម្តង ។
ក្រោយពេលកើតហេតុ ឪពុកក្មេងស្រីរងគ្រោះបានប្តឹងសមត្ថកិច្ច រហូតឈានដល់ឃាត់ខ្លូនបានជនសង្ស័យនោះភ្លាមៗ ហើយកម្លាំងជំនាញចុះស្រាវជ្រាវតាមនីតិវិធីឃើញថា ក្មេងស្រីរងគ្រោះពិតជាមានការរំលោភសេពសន្ថវៈពិតប្រាកដមែន ។
ជនសង្ស័យ ត្រូវសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕