ភ្នំពេញ៖ យុវជនម្នាក់ គ្រាន់តែបើកភ្នែកឡើងសឹងមិនទាន់ទិញស្រាមកផឹកស្រវឹងធ្លាក់ភ្នែកបាត់ ហើយមិនទៅរកកន្លែងដេកពួនទេ បែរជាស្រែកឡូឡាអុកឡុកគេធ្វើការមិនកើត គាប់ជួនកម្លាំងល្បាតរបស់ប៉ុស្តិ៍ ចុះទៅប្រាប់កុំឲ្យស្រែកឡូឡា មិនទាន់រួចពីមាត់ផង ស្រាប់តែយុវជនប្រមឹកនោះ ស្ទុះទៅដល់ប៉ូលិសត្រូវ១ដៃចំភ្នែកឆ្វេង បណ្តាលឲ្យប៉ោងជាំ ទើបកម្លាំងសមត្ថកិច្ចប្រើធម៌ក្តៅចាប់ដាក់ខ្នោះយកទៅប៉ុស្តិ៍ចាត់ការតាមច្បាប់។
ករណីហិង្សាជនប្រមឹកវាយប៉ូលិសជាំភ្នែកម្ខាងនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅដីឡូត៍មួយកន្លែង ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។


ជនដៃដល់ដែលមានថ្លើមដុះមមីសហ៊ានវាយសមត្ថកិច្ចនេះ មានឈ្មោះសា សី អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិពងទឹក ឃុំរកា៥ ស្រុកត្បូង ខេត្តត្បូងឃ្មុំ ។ រីឯមន្ត្រីនគរបាល រងគ្រោះមានឈ្មោះស្វាយ ជុំសាគរ ជាមន្ត្រីនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនដៃដល់រួមជាមួយមិត្តភក្តិរួមការងារ មានគ្នា៣នាក់ បានទិញស្រាថ្នាំមកអង្គុយព័ទ្ធវង់ផឹកនៅរោងស្នាក់នៅក្នុងការដ្ឋានសំណង់។ លុះបន្តិចក្រោយមក អ្នកជាមួយ២នាក់ទៀត បានងើបទៅធ្វើការបាត់ នៅតែជនដៃដល់ម្នាក់ឯង អង្គុយផឹកបន្ត និងស្រែកឡូឡារំខានដល់កន្លែងគេធ្វើការ ។ លុះនៅវេលាម៉ោងខាងលើ ក៏មានកម្លាំងប៉ុស្តិ៍ល្បាត ឃើញជនដៃដល់ ក៏បានដើរទៅប្រាប់កុំឡូឡា។


ប្រភពបន្តថា គ្រាន់តែសមត្ថកិច្ចប្រាប់ដូចនេះ ស្រាប់តែជនដៃដល់បានផ្ទុះកំហឹងស្ទុះទៅដាល់ជនរងគ្រោះ១ដៃ ត្រូវចំភ្នែកខាងឆ្វេង បណ្តាលឲ្យហើមជាំ ទើបកម្លាំងសមត្ថកិច្ចប្រើធម៌ក្តៅចាប់ឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ និងហៅបុរសម្នាក់ទៀត ជាអ្នករួមផឹកជាមួយ ទៅសាកសួរផងដែរ ។

ជនដៃដល់ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ យកទៅប៉ុស្តិ៍ភ្លើងឆេះរទេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕