ឃ្មុំ ជាប្រភេទសត្វល្អិតដែលស្ថិតនៅក្នុងសាខាអាកត្រូប៉ូត វាគឺជាសត្វល្អិតមួយប្រភេទដែលមានសារៈប្រយោជន៏ចំពោះមនុស្ស ជាពិសេសនៅក្នុងវិស័យកសិកម្ម លំអងឃ្មុំ ទឹកឃ្មុំ ទឹកដោះស្ដេចឃ្មុំ និង ក្រមួនឃ្មុំ សុទ្ធសឹងតែជាផលិតផលដែលមានតម្រូវការខ្ពស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និង អាចទាញយកផលិតផលទាំងនេះសម្រាប់ប្រកបជាអាជីវកម្មផងដែរ។

ចំពោះវិស័យកសិកម្មវិញកសិករអាចប្រកបមុខរបរចិញ្ចឹមឃ្មុំដើម្បីទាញយកប្រាក់កម្រៃពីវាលើសពីនេះទៅទៀតឃ្មុំវាអាចជួយនាំដំណើរលំអងរបស់ដំណាំផ្សេងៗបានយ៉ាងល្អបំផុតទៀតផង ។

យ៉ាងណាមិញមុខរបរចិញ្ចឹមឃ្មុំព្រៃធម្មជាតិ ក៏ជាមិនមែនជាមុខរបរដែលងាយស្រួលធ្វើប៉ុន្មានដែរដោយសារតែមានអ្នកចិញ្ចឹមឃ្មុំមួយចំនួនក៏មានការខាតបង់​ និងបរាជ័យនៅក្នុងមុខរបរមួយនេះជាច្រើនដែរដោយសារតែមិនទាន់បានយល់ច្បាស់ពីបច្ចេកទេសក្នុងការចិញ្ចឹម ការគ្រប់គ្រង និង ការថែរក្សាវាពីជម្ងឺផ្សេងៗនៅឡើយ។

+ការជ្រើសរើស​ទីតាំង​៖

–ឃ្មុំ​បង្កើត​កូនចៅ​នៅរ​ដូរ​ផ្កា​រីក ចាប់ពី​ខែមករា ដល់​ខែឧសភា ពេលនោះ​វា​នឹង​ក្រេប​លម្អងផ្កា ហើយ​វា​នឹង​បង្កើតជា​កូនចៅ ឬ​វា​នឹង​ផ្តល់​ជា​ទឹកឃ្មុំ​

–ត្រូវ​រក​កន្លែង​ដែលមាន​ដើមឈើ​ចម្រុះ​ក្នុងព្រៃ​ស្តុក ដែល​សំបូរ​ផ្កា​រីក​ច្រើន​
–ត្រូវធ្វើ​បង្គង ដែល​វា​ចូលចិត្ត​នៅ​ព្រៃ​ទាបៗ​ដែល​វា​ងាយ​ហើរ ចេញចូល ដើម្បី​ឲ្យ​ឃ្មុំ​មក​ទំ​បង្កើតជា​កូនចៅ ។​

+ការរៀបចំ​បង្គង​ឲ្យ​ឃ្មុំ​ទំ​៖

–យក​មែក ឬ​ដើមឈើ​ណា​ដែលមាន​សំបក​វារ​លោង​ទើប​ឃ្មុំ​វា​ចូលចិត្ត​ទំ​ និងត្រូវ​រើសយក​ឈើខ្លឹម​មិន​ងាយ​ពុកផុយ ធន់​នឹង​កណ្តៀរ​ស៊ី និង​មាន​មុខកាត់​ទំហំ​១​តឹក ឡើងទៅ ប្រវែង​ប្រមាណ​១,៥-២​ម៉ែត្រ​

–ដាក់​វា​ឲ្យ​គង​ទៅលើ​មែ​កឈើ​ក្នុងព្រៃ​ដែលមាន​ចំ​ពាម ឬ​បែកខ្នែង​ជា​ពីរ ដាក់​ឲ្យ​វា​រាង​ទេរ​បន្តិច ឬ​ជា​រាង​ចំណិត​ត្រសក់ ការធ្វើ​បែបនេះ​គឺ​ងាយស្រួល​ក្នុងការ​ថែទាំ និង​ប្រមូល​ផល​

–ដាក់​ក្បាល​បង្គង​ឲ្យ​រាង​អើត​បន្តិច ដោយ​យក​កម្ពស់​ប្រមាណ​២,៥​ម៉ែត្រ ហើយ​បែរមុខ​ទៅរក​កន្លែង​ស្រលះ ដាក់​កន្ទុយ​បង្គង​កម្ពស់​១,២​ម៉ែត្រ​ពី​ដី​បែរ​ទៅរក​ព្រៃ​ស៊ុបទ្រុប ការដាក់​បែបនេះ​វា​មាន​ប្រយោជន៍​ក្នុងការ​ទាក់ទាញ​ឃ្មុំ​ឲ្យ​វា​ចូល​កម​ទុំ​បាន​ច្រើន​
–បើ​បង្គង​ដែល​ធ្លាប់មាន​ឃ្មុំ​មក​ទំ​ម្តង​ហើយ នោះ​លើក​ក្រោយ​វា​នឹង​មក​ទំ​ទៀត​ដោយ​វា​មាន​ក្លិន​របស់​វា​

–ក្រោយពី​រៀប​បង្គង​ពី​៣​ថ្ងៃ ទៅមួយ​អាទិត្យ យើង​ត្រូវ​ទៅពិនិត្យ​ថា​មាន​ឃ្មុំ​ទំ​ឬ​នៅ បើ​មាន​ឃ្មុំ​ទំ​ហើយ យើង​ត្រូវ​រង់ចាំ​ដល់​២​ខែក្រោយ​ទើប​អាច​ប្រមូល​ផល​បាន​

–ពេល​ប្រមូល​ផល​មិនត្រូវ​សម្លាប់​មេ និង​កូន​របស់​វា​ទេ គឺ​ត្រូវ​កាត់​យកតែ​ក្បាល​ទឹកបាន​ហើយ ដោយ​ទុក​វា​ឲ្យ​កើត​កូនចៅ​ច្រើន​បន្តទៀត។

ទាំងអស់នេះគឺជាវិធីសាស្រ្ដងាយស្រួលក្នុងការចិញ្ចឹមឃ្មុំព្រៃធម្មជាតិ​ ដែលវិធីសាស្រ្ដនេះពិតជាបង្កលក្ខណះងាយស្រួលដល់បងប្អូនដែលមានបំណងក្នុងការចិញ្ចឹម ប្រសិនជាបងប្អូនចង់ដឹងពីបច្ចេកទេសបន្ថែមបងប្អូនអាចស្វែងរកបាននូវឯកសារមួយចំនួន និងអាចចុះទៅផ្ទាល់នៅកន្លែងចិញ្ចឹមដើម្បីឲ្យកាន់តែច្បាស់​ ៕