ខេត្តកំពង់ធំ៖ រថយន្ត Luxus RX300 មួយគ្រឿង អ្នកបើកបរងោកមួយភាំង បានរេចង្កូតទៅបុកម៉តូ និងបន្តទៅបុករថយន្តកាមរី១គ្រឿងទៀតបណ្តាលឲ្យស្លាប់មនុស្ស០១នាក់ និងរបួសស្រាល០២នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកមុខសាលាស្រុកស្ទោង ស្ថិតក្នុងភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ។

ជនរងគ្រោះជាអ្នកបើកបរម៉ូតូ ឈ្មោះ លី វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង បានស្លាប់នៅកន្លែងកើតហេតុ ។


សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក Luxus RX300 ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 2A-2030 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ លុះមកដល់កន្លែងកើតហេតុ អ្នកបើកបរងោកមួយភាំង បានរេចង្កូតទៅបុកម៉តូ ម៉ូតូរងគ្រោះម៉ាកវេវ ពណ៌ខ្មៅ អត់ស្លាកលេខ និងបន្តទៅបុករថយន្តកាមរី១គ្រឿងទៀតម៉ាក Camery បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-9667 បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ លី វិចិត្រ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។

ចំណែកអ្នករួមដំណើរជាមួយរថយន្តបង្កម៉ាក Luxus RX300 ឈ្មោះ លាង គឹមល័រ ភេទស្រី អាយុ៤០ឆ្នាំ រស់ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ របួសស្រាល និងម្នាក់ទៀតឈ្មោះ ណាន គ្រឿន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ របួសស្រាល ត្រូវបញ្ជូនមកមន្ទីរពេទ្យស្រុក។
ដោយឡែក អ្នកបើកបររថយន្តបង្កម៉ាក Luxus RX300 និងអ្នកបើកបររថយន្ត Camery បាឡែន នាំគ្នារត់គេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងរថយន្ត២គ្រឿង និងម៉ូតូ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕