ភ្នំពេញ៖ លោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងក្មួយប្រុសឈ្មោះ អ៊ីស្មាអែលពិន ឧស្មាន ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់១៥ឆ្នាំ ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន តាមមាត្រា១១ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៤ ។ នេះបើតាមការប្រកាសសាលក្រមផ្តន្ទាទោស លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នាវេលាថ្ងៃត្រង់ទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ។

តុលាការបានអនុវត្តតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោយបានសម្រេចបញ្ជូនលោក អះម៉ាត់ យ៉ះយ៉ានិងក្មួយប្រុស ទៅឃុំខ្លួនក្នុងពន្ធនាគារភ្លាមៗផងដែរ ក្រោយពេលប្រកាសសាលក្រមផ្តន្ទាទោស នោះ ។
លោក អះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុស ត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការបញ្ជូនស្ត្រីដោយខុសច្បាប់ទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមក លោកបដិសេធដា នោះគឺជារឿងដែលគេប្រឌិតឡើងដើម្បីចាប់ខ្លួនលោកប៉ុណ្ណោះ ។


លោកអះម៉ាត់ យ៉ះយ៉ា ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចុះហត្ថលេខា ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់ពីមុខដំណែងរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។

សូមរំឭកថា លោក អះម៉ាត់ យ៉ះយ៉ា អតីតតំណាងរាស្រ្តគណបក្សហ្វ៊ុនស៊ីនប៉ិច និងអតីតសមាជិកគណបក្ស សម រង្ស៊ី បន្ទាប់មកក៏បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និងទទួលបានដំណែងរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ នាពេលកន្លងមកនេះ លោកបានធ្វើសកម្មភាពប្រឆាំងទៅនឹងការអភិវឌ្ឍន៍វិហារខ្មែរឥស្លាមនៅបឹងកក់ ហើយឈានទៅដល់ការប៉ះទង្គិចជាមួយលោកឧកញ៉ា ឧស្មាន់ ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចាប់តាំងពីពេលនោះមក បានធ្វើឲ្យលោក លោក អះម៉ាត់ យ៉ះយ៉ា ក្លាយជាគូប្រឈមជាមួយឧកញ៉ា ឧស្មាន់ ហាស្សាន់ ទៅលើបញ្ហាចម្រូងចម្រាសនៃការអភិវឌ្ឍន៍នៃវិហារខ្មែរឥស្លាមក្នុងទឹកដីបឹងកក់។

លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានគេរកឃើញថា មានពាក់ព័ន្ធនឹងការបញ្ជូនស្រ្តីម្នាក់ ឈ្មោះម៉ាត់ សាណាស់ (រ៉ទស់) មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចេញទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពី១២ឆ្នាំមុន តាមរយៈក្រុមហ៊ុនមួយ ដោយមិនមានការទទួលខុសត្រូវ ដែលធ្វើឲ្យស្ត្រីរូបនោះរស់នៅតែលតោលគ្មានគោលដៅអស់រយៈពេល១២ឆ្នាំ។ រហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ទើបយើងទទួលបានដំណឹងពីនាង៕